សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ថា លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងថា ប្រទេសកូរ៉េខាងត្បូង អាចនឹងពង្រីកការគាំទ្ររបស់ខ្លួនសម្រាប់អ៊ុយក្រែន លើសពីជំនួយមនុស្សធម៌ និងសេដ្ឋកិច្ច ប្រសិនបើប្រទេសនេះ ស្ថិតក្រោមការវាយប្រហារ មកលើជនស៊ីវិល ក្នុងទ្រង់ទ្រាយធំ ដែលជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរ ជំហររបស់លោកប្រឆាំងនឹងការបំពាក់អាវុធ ដល់អ៊ុយក្រែន ជាលើកដំបូង ។
នៅក្នុងបទសម្ភាសន៍ជាមួយនៅមុនធ្វើ ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ទៅកាន់សហរដ្ឋអាមេរិកនៅសប្តាហ៍ ក្រោយ លោក Yoon បានថ្លែងថា រដ្ឋាភិបាលរបស់លោក បាននិងកំពុងស្វែងរកវិធីជួយការពារ និងកសាងអ៊ុយក្រែន ឡើងវិញ ដូចដែលកូរ៉េខាងត្បូងបានទទួលជំនួយអន្តរជាតិ ក្នុងអំឡុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០ ដល់១៩៥៣ ដូច្នេះដែរ ។
នៅក្នុងអំឡុងកិច្ចប្រជុំកំពូល លោក Yoon បានថ្លែងថា លោកនឹងស្វែងរក “លទ្ធផលជាក់ស្តែង” លើកិច្ចខិតខំប្រឹងប្រែង របស់សម្ព័ន្ធមិត្ត ដើម្បីកែលម្អការឆ្លើយតបទៅនឹងការ វិវត្តនៃការគំរាមកំហែង ពីប្រទេសកូរ៉េខាងជើង ដែលបានបង្កើនការ សាកល្បងយោធា និងបានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីបប្រើឥន្ធនៈរឹងលើកដំបូងរបស់ខ្លួនកាលពីសប្តាហ៍មុន ។
លោក Yoon បានថ្លែងថា សម្រាប់ផ្នែករបស់ខ្លួន ក្រុងសេអ៊ូលនឹងបង្កើនសមត្ថភាពឃ្លាំមើល ការឈ្លបយកការណ៍ និងការវិភាគស៊ើបការណ៍សម្ងាត់របស់ខ្លួន និងអភិវឌ្ឍ “អាវុធដែលមានសមត្ថភាពខ្ពស់ និងថាមពលខ្ពស់” ដើម្បីការពារការគំរាមកំហែងរបស់កូរ៉េខាងជើង ។
លោកបានថ្លែងថា “ប្រសិនបើសង្គ្រាមនុយក្លេអ៊ែរផ្ទុះឡើងរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង នេះប្រហែល ជាមិនមែនគ្រាន់តែជាបញ្ហារវាងភាគីទាំង២ប៉ុណ្ណោះទេ ប៉ុន្តែអាស៊ីឦសានទាំងមូលប្រហែលជាប្រែទៅជាផេះដែរ ។ នោះត្រូវតែបញ្ឈប់” ។
នៅគ្រាត្រូវបានសួរ ថាតើ សម្ព័ន្ធមិត្តនឹងស្រមៃមើលកំណែអាស៊ីនៃក្រុមផែនការនុយក្លេអ៊ែររបស់អង្គការ NATO ដែលពាក់ព័ន្ធនឹងប្រទេសជប៉ុនដែរឬទេ? លោក Yoon បានលើកឡើងថា ពួកគេកំពុងផ្តោតលើវិធានការ ទ្វេភាគីដើម្បីពង្រឹង ការចែករំលែកព័ត៌មាន ការរៀបចំផែនការគ្រាអាសន្នរួម និងការប្រតិបត្តិរួមគ្នានៃផែនការនោះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា