បរទេស៖ ការិយាល័យទទួលបន្ទុក សម្របសម្រួល កិច្ចការមនុស្សធម៌ របស់អង្គការ សហប្រជាជាតិ បានចេញរបាយការណ៍ មូលនិធិមួយថា ប្រជាជនកូរ៉េខាងជើង ជាង៤០ភាគរយ កំពុងតែត្រូវការជាខ្លាំង នូវជំនួយមនុស្សធម៌ ដោយរួមបញ្ចូលទាំងការ ផ្គត់ផ្គត់ចំណីអាហារ និងអាហារបំប៉ន និងការធ្វើឲ្យប្រសើរឡើង នូវការចូល ទៅទទួលបានសេវា មូលដ្ឋាននានា ដូចជាសេវាសុខាភិបាល ទឹកស្អាត និងអនាម័យ។
នៅក្នុងរបាយការណ៍ ត្រួតពិនិត្យឡើងវិញ អំពីតម្រូវការនិងអាទិភាព ដែលចេញ កាលពីថ្ងៃចន្ទ អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បានរកឃើញថា ប្រជាជនកូរ៉េខាងជើង ១០,៤លាននាក់ ក្នុងចំណោមប្រជាជន ចំនួន២៥លាននាក់ គឺកំពុងតែត្រូវការជំនួយ ដោយរួមមាន១០,១លាននាក់ គ្មានសុវត្ថិភាពផ្នែកចំណីអាហារ។
របាយការណ៍ ត្រួតពិនិត្យឡើងវិញនោះ និយាយទៀតថា ការធ្លាក់ចុះនៃហេដ្ឋារចនាសម្ព័ន្ធ កសិកម្មសំខាន់ៗ និងគ្រោះធម្មជាតិ គឺជាមូលហេតុ នៃភាពខ្វះខាតនេះ គឺកូរ៉េខាងជើង បានទទួលរងគ្រោះ ជាខ្លាំង ពីគ្រោះរាំងស្ងួត ដ៏អាក្រក់បំផុត កាលពីក្នុងឆ្នាំ២០១៩ រួមទាំងមានរលកកម្តៅ និងគ្រោះទឹកជំនន់៕
ប្រែសម្រួល៖ប៉ាង កុង