ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្ដីទី កងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ បានជួបពិភាក្សាការងារ ជាមួយលោកវរេសេនីយ៍ឯក ប៉ាង លីឈ័ន (PANG LEADSHUAN) មេបញ្ជាការកងកម្លាំងការពារ ប្រជាជនលេខ២ កងទ័ពជើងគោកសិង្ហបុរី នារសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។
ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានពាំនាំពាក្យផ្ដាំផ្ញើសួរសុខទុក្ខ ពីលោកនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនលោក ឧត្តមសេនីយ៍ទោ ដេវីដ នីអូ មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ហើយសូមថ្លែងអំណរគុណ ចំពោះកងទ័ពជើងគោកសិង្ហបុរី ដែលបានបញ្ជូនក្រុមគ្រូជំនាញ មកហ្វឹកហ្វឺនលើជំនាញគ្រប់គ្រងមហាជន និងប្រតិបត្តិការសង្រ្គោះ ក្នុងតំបន់ទីប្រជុំជន ដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ស្របពេលដែលប្រទេសកម្ពុជា បាននឹងកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍សំខាន់ គឺការប្រកួតកីឡា SEA Games លើកទី៣២, ASEAN Para Gamesលើកទី១២។
នៅរសៀលថ្ងៃដដែលនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានអញ្ជើញលោកវរេសេនីយ៍ឯក ប៉ាង លីឈ័ន (PANG LEADSHUAN)មេបញ្ជាការកងកម្លាំងការពារ ប្រជាជនលេខ២ កងទ័ពជើងគោកសិង្ហបុរី បន្ដដំណើរទស្សនកិច្ច នៅទីបញ្ជាការកងពលតូចលេខ៧០ ផងដែរ។
ជាការឆ្លើយតប លោកវរេសេនីយ៍ឯក ប៉ាង លីឈ័ន (PANG LEADSHUAN) មេបញ្ជាការកងកម្លាំងការពារប្រជាជនលេខ២ កងទ័ពជើងគោកសិង្ហបុរី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ដែលបានទទួលស្វាគមន៍ប្រតិភូ និងក្រុមយោធាចារ្យសិង្ហបុរីយ៉ាងកក់ក្តៅ៕