ព័ត៌មានជាតិ

នគរបាលខណ្ឌប្ញស្សីកែវ ចាប់ជនសង្ស័យ២នាក់ ក្រោយវាយប្លន់ យកម៉ូតូពីជនរងគ្រោះ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ត្រូវបានកម្លាំង នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនក្រោយពីធ្វើសកម្មភាព វាយប្លន់យកម៉ូតូ ពីជនរងគ្រោះបានសម្រេច កាលពីវេលាម៉ោងជាង៤ល្ងាច ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងក្រុមទី១ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានអោយដឹង នៅព្រឹកថ្ងៃទី១៤កុម្ភៈនេះថា ជនសង្ស័យឈ្មោះ ម៉ើ ណាសៀត ហៅអាឆក អាយុ២៧ឆ្នាំ មុខរបរគ្មានស្នាក់នៅ ផ្ទះលេខ១២០១ ផ្លូវជាតិលេខ៥ ក្រុម៤ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) ។ និង ឈ្មោះចេង ចាន់វាស្នា ហៅអាតឿ អាយុ១៨ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលផ្លូវបេតុង ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ ឈ្មោះលី រ៉ូហ្សាត ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ៧៨៦ ផ្លូវជាតិលេខ៥ ក្រុម៤ភូមិខ២ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ ។

លោកអធិការបញ្ជាក់ទៀតថា ចំពោះសម្ភារៈដែលសមត្ថកិច្ចដកហូតបាន រួមមាន ៖ ម៉ូតូចំនួន២គ្រឿង 1-ម៉ូតូម៉ាកSUZUKI ស្មាស់ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ1C8047 លេខតួ+ម៉ាស៊ីន៧១១០៤៨៥(ម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព)។ 2-ម៉ូតូម៉ាកហុងដាMSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ DD-2852 លេខតួ+ម៉ាស៊ីន ៥២០០១០៣ (ជារបស់ជនរងគ្រោះ បានប្រគល់ជូនជនរងគ្រោះវិញ)។ ទូរសព្ធ័ចំនួន២គ្រឿង។

លោកបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូមានគ្នា២នាក់ ចេញពីផ្ទះក្នុងគោលបំណងដើរលេង ក៏មានជនសង្ស័យមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង តាមពីក្រោយ លុះមកដល់ចំនុចកើតហេតុខាងលើ ក៏បានជិះម៉ូតូមកកាក់ពីមុខជនរងគ្រោះ រួចបានធ្វើសកម្មភាពវាយជនរងគ្រោះ យកម៉ូតូជិះចេញទៅ ដោយមានសំរែក របស់ជនរងគ្រោះស្រែក ឲ្យជួយកំលាំងល្បាតខណ្ឌ ប៉ុស្ត៍ ក៏បានជួយអន្តរាគមន៍ឈានទៅឃាត់ជនសង្ស័យ បាន២នាក់និងម៉ូតូជនរងគ្រោះមកវិញ និងបក្ខពួកជនសង្ស័យ២នាក់ទៀត ជិះម៉ូតូរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីចាត់ការបន្ត ចំណែកបក្ខពួកកម្លាំងជំនាញ កំពុងស្រាវជ្រាវ ៕

To Top