បរទេស ៖ ប្រធានាធិបតីវៀតណាម លោក វូ វ៉ាន់ថួង បានស្វាគមន៍ ដំណើរទស្សនកិច្ចនៅវៀតណាម របស់ប្រធានគណបក្ស រួបរួមរុស្ស៊ី (URP) និងជាអនុប្រធានក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី លោក ឌីមេឌ្រី មេវេដដេវ (Dmitry Medvedev ) ដោយចាត់ទុកថា ជាឱកាសពិភាក្សា អំពីទិសដៅទំនាក់ទំនង វៀតណាម-រុស្ស៊ី រួមទាំងកិច្ចសហប្រតិបត្តិការ រវាងភាគី និងរដ្ឋទាំងពីរ ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងពេល ទទួលបដិសណ្ឋារកិច្ច នៅទីក្រុងហាណូយ កាលពីថ្ងៃច័ន្ទ ប្រធានរដ្ឋ គឺ ប្រធានាធិបតី វូ វ៉ាន់ថួង បានអះអាង នូវគោល នយោបាយការបរទេស ជាប់លាប់ របស់វៀតណាម អំពីឯករាជ្យភាព ការពឹងផ្អែកលើខ្លួនឯង ការធ្វើពិពិធកម្ម និង ពហុភាគីនៃទំនាក់ទំនង ។ វៀតណាមចងចាំជានិច្ចនូវការគាំទ្រ ដែលអតីតសហភាពសូវៀត ដែលបានផ្តល់ ជូនវៀតណាមក្នុងការកសាង និងការពារជាតិ វាយតម្លៃទំនាក់ទំនងភាពជាដៃ គូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ វៀតណាម – រុស្ស៊ី ហើយមានបំណង ចង់អភិវឌ្ឍទំនាក់ទំនង មិត្តភាពប្រពៃណីទ្វេភាគី និងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ដើម្បីផលប្រយោជន៍ នៃប្រទេសទាំងពីរ ។ ភាពរុងរឿងរបស់ប្រជាជនទាំងពីរ ។
លោកបានថ្លែងអំណរគុណរុស្ស៊ី ដែលបានបន្តផ្តល់អាហារូបករណ៍ប្រចាំឆ្នាំ សម្រាប់និស្សិតវៀតណាម ទៅសិក្សានៅស្ថាប័នអប់រំរុស្ស៊ី ហើយជឿជាក់ថា សម័យប្រជុំលើកទី៤ នៃគណៈកម្មាធិការចម្រុះ វៀតណាម-រុស្ស៊ីស្តីពីការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលគ្រោងនឹងរៀបចំឡើងនៅចុងឆ្នាំនេះ នឹងបើកដំណើរការ បង្កើនឱកាសសហប្រតិបត្តិការថ្មី ក្នុងវិស័យនេះ ។
លោក មេវេដដេវ បានអះអាងថា រុស្ស៊ីបានយកចិត្តទុកដាក់ ចំពោះភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយជាមួយវៀតណាម។ មេដឹកនាំរុស្ស៊ី រួមទាំង URP បានយកចិត្តទុកដាក់លើការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយវៀតណាមជាអាទិភាពមួយក្នុងចំណោម អាទិភាពកំពូល ។ លោកបន្ថែមថា វៀតណាមជាដៃគូសំខាន់របស់រុស្ស៊ីនៅក្នុងតំបន់ ។
ប្រធានរដ្ឋ លោក វូ វ៉ាន់ថួង បានថ្លែងអំណរគុណ និង ស្នើឱ្យថ្នាក់ដឹកនាំរុស្ស៊ី និង គណបក្ស URP បន្តបង្កើតលក្ខខណ្ឌ អំណោយផលសម្រាប់សហគមន៍ វៀតណាម ដែលកំពុងរស់នៅក្នុងប្រទេសរុស្ស៊ី ផងដែរ ៕