ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី វៀតណាម ជំរុញសមាជិកព្រឹទ្ធសភា អាមេរិក ឱ្យគាំទ្រដល់សហគមន៍ វៀតណាមនៅអាមេរិក

ហាណូយ ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chính) បានប្រាប់គណៈប្រតិភូព្រឹទ្ធសភា អាមេរិក ដឹកនាំដោយសមាជិកព្រឹទ្ធសភា លោក Mike Crapo នៅទីក្រុង ហាណូយ កាលពីថ្ងៃសុក្រថា វៀតណាម តែងតែមានតម្លៃ ចំពោះភាពជាដៃគូគ្រប់ជ្រុងជ្រោយ ជាមួយសហរដ្ឋអាមេរិក ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានវាយតម្លៃខ្ពស់ ចំពោះការ រក្សាទំនាក់ទំនងកម្រិតខ្ពស់ ជាពិសេសកិច្ចសន្ទនា តាមទូរស័ព្ទ ដែលទទួលបានជោគជ័យ នាពេលថ្មីៗនេះរវាងអគ្គលេខាបក្ស លោក ង្វៀន ភូតទ្រុង (Nguyen Phu Trọng) និងប្រធានាធិបតីអាមេរិក Joe Biden។

លោកបានស្នើថា នាពេលខាងមុខ ភាគីទាំងពីរបន្តបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការអប់រំ និងបណ្តុះបណ្តាល ការច្នៃប្រឌិត ការផ្លាស់ប្តូរឌីជីថល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

វៀតណាមក៏ថែមទាំងបានស្នើឱ្យសមាជិកព្រឹទ្ធសភាអាមេរិក គាំទ្រដល់ការបើកទីផ្សាររបស់ខ្លួន និងកំណត់ការស៊ើបអង្កេតប្រឆាំងការលក់បង្ខូចថ្លៃ និង វិធានការដោះស្រាយពាណិជ្ជកម្មប្រឆាំងទំនិញវៀតណាម ជាពិសេសកសិ-រុក្ខាប្រមាញ់-នេសាទ ដែលប៉ះពាល់ផ្ទាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

នាយករដ្ឋមន្ត្រីវៀតណាម ក៏បានជំរុញឱ្យសភាអាមេរិក បន្តយកចិត្តទុកដាក់ និងលៃលកធនធាន សម្រាប់កិច្ចសហប្រតិបត្តិការ ជាមួយវៀតណាមក្នុងការជម្នះផលវិបាកសង្គ្រាម ក៏ដូចជាផ្តល់ការគាំទ្រ ដល់សហគមន៍វៀតណាម នៅអាមេរិកផងដែរ។

ដោយបង្ហាញពីចំណាប់ អារម្មណ៍របស់ប្រទេសទាំងពីរចំពោះទឹកដី ប្រជាជន និងការអភិវឌ្ឍន៍របស់វៀតណាម សមាជិកព្រឹទ្ធសភាអាមេរិកបាននិយាយថា ពួកគេគាំទ្រវៀតណាម យ៉ាងខ្លាំងក្លា ឯករាជ្យ ភាពធន់នឹងខ្លួនឯង និងវិបុលភាព ហើយគោរពឯករាជ្យ អធិបតេយ្យភាព និងរបបនយោបាយ របស់វៀតណាមផងដែរ ៕

To Top