ភ្នំពេញ ៖ លេខរៀងអាចរួមចំណែកធ្វើឲ្យអ្នកបោះឆ្នោត ងាយចាំគណបក្សដែលខ្លួនគាំទ្រ ប៉ុន្តែមិនមែនជាកត្តាកំណត់ សម្រាប់ភាពជោគជ័យ ឬភាពបរាជ័យក្នុងការបោះឆ្នោតរបស់គណបក្សនយោបាយនោះទេ។
នេះជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជានាថ្ងៃ៣០ ឧសភា ក្រោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់លេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោត នាថ្ងៃ២៩ ឧសភា ក្នុងនោះបក្សកាន់អំណាចបានលេខរៀងទី១៨ ។
លោកបន្តថា ការគាំទ្ររបស់អ្នកបោះឆ្នោតចំពោះគណបក្សនីមួយៗ ពាក់ព័ន្ធតិចតួចបំផុតទៅនឹងលេខរៀងគណបក្ស ហើយការពាក់ព័ន្ធនោះទៀតសោត អាចកើតមានឡើងដោយភាពចៃដន្យ ដូចជា ការគូសច្រឡំឬការចងចាំច្រឡំរបស់ អ្នកបោះឆ្នោត។
ជាមួយគ្នានេះ ការគាំទ្ររបស់អ្នកបោះឆ្នោត គឺមានការជាប់ពាក់ព័ន្ធយ៉ាងស៊ីជម្រៅជាមួយនឹងប្រវត្តិគណបក្ស ប្រវត្តិថ្នាក់ដឹក នាំគណបក្ស ភាពស្អាតស្អំរបស់មន្ត្រីគណបក្ស គោលនយោបាយរបស់គណបក្ស សមិទ្ធផលដែលគណបក្សសម្រេចបាន ដើម្បីជាតិនិងប្រជាជន និងឧត្តមគតិស្នេហាជាតិ ទឹកដី និងប្រជាជន របស់គណបក្ស ថ្នាក់ដឹកនាំ និងមន្ត្រីរបស់គណបក្ស គ្រប់ជាន់ថ្នាក់។ នេះជាការបន្ថែមរបស់លោក គិន ភា ។
ឲ្យដឹងទៀតថា ដូច្នេះ ការឃោសនាបោះឆ្នោតរបស់គណបក្សនីមួយៗ មិនគួរភ្ជាប់នឹងលេខរៀងគណបក្សច្រើនពេកទេ គ្រាន់តែធ្វើយ៉ាងណាឲ្យ តែអ្នកបោះឆ្នោតចងចាំទៅបានហើយ។ វាគ្មានទេ លេខរៀងមានហុងស៊ុយ ឬគ្មានហុងស៊ុយ ព្រោះលេខទាំងអស់សុទ្ធតែល្អ តែមនុស្សទេដែលប្រើវាក្នុងផ្លូវមិនល្អ។ ទន្ទឹមនឹងនោះដែរ គណបក្សនីមួយៗ មិនមែនមានលេខរៀងដដែលនៅលើសន្លឹកឆ្នោតនៅគ្រប់ការបោះឆ្នោតនោះទេ។
លោកបានបង្ហាញពីការជាក់ស្តែងរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដែលតែងតែទទួល បានអាសនៈ ច្រើនជាងគេតាំងពីការបោះឆ្នោតឆ្នាំ១៩៩៨ មក លេខរៀងរបស់គណបក្សនេះ មានការប្រែប្រួលរហូតមក តាំងពីឆ្នាំ១៩៩៣ ដូចខាងក្រោម ៖
១- ការបោះឆ្នោតនៅថ្ងៃទី២៥-២៨ ខែឧសភា ឆ្នាំ១៩៩៣ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី១ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង២០ និងទទួលបានអាសនៈចំនួន ៥១/១២០។
២- ការបោះឆ្នោតនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ១៩៩៨ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី៣៥ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង៣៩ និងទទួលបានអាសនៈចំនួន ៦៤/១២២។
៣- ការបោះឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៣ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី១៧ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង២៣ និងទទួលបានអាសនៈចំនួន ៧៣/១២៣។
៤- ការបោះឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៨ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី៤ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង១១ និងទទួលបានអាសនៈចំនួន ៩០/១២៣។
៥- ការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី៤ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង៨ និងទទួលបានអាសនៈចំនួន ៦៨/១២៣។
៦- ការបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី២០ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង២០ និងទទួលបានអាសនៈចំនួន ១២៥/១២៥។
៧- ការបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ : គណបក្សប្រជាជនកម្ពុជាស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ក្នុងចំណោមគណបក្សទាំង១៨ ប៉ុន្តែចំនួនអាសនៈប៉ុន្មានដែលគណបក្សប្រជាជនកម្ពុជា នឹងទទួលបានសម្រាប់ការបោះឆ្នោត ជាតិលើកទី៧នេះ យើងរង់ចាំមើលទាំងអស់គ្នា។
ដូច្នេះ គណបក្សនានាមិនបាច់នាំគ្នាអួតរឿងលេខរៀងហុងស៊ុយអីទេ ត្រូវនាំគ្នាអួតរឿងអំពើល្អ ចំពោះប្រជាជននិងសមិទ្ធផលជូនជាតិ។
ជាទស្សនៈផ្ទាល់ខ្លួនមួយជ្រុងរបស់ខ្លួនគឺប្រជាជនមិនចាប់អារម្មណ៍ការផ្លាស់ប្តូរស្អីនោះទេ អ្វីដែលប្រជាជនចង់បានគឺ ស្រុកសាន្តត្រាន ជីវភាពសម្បូរសប្បាយ សិទ្ធិសេរីភាពពេញលេញ យុត្តិធម៌សង្គម គ្មានការគាបសង្កត់ និងគ្មានការរើសអើង៕