ភ្នំពេញ ៖ និស្សិតគ្រប់ជំនាញ របស់សាកលវិទ្យាល័យន័រតុន នាពេលថ្មីៗនេះ បានសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» ដោយមានការចាប់ អារម្មណ៍ខ្ពស់ ក្រោយទស្សនាឈុត ឆាកសម្តែង ដែលផ្តោតសំខាន់ ទៅលើការសម្តែង ប្រវត្តិសាស្ត្រខ្មែរ មានតាំងពីបុរាណកាលមក។
ការបង្ហាញសមត្ថភាព និងសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» ធ្វើឡើងនៅសាកលវិទ្យាល័យន័រតុន ដោយមានការចូលរួម លោកគ្រូ-អ្នកគ្រូ និងមានការចូលរួមពី សិស្ស-និស្សិត និងបណ្តា សាកលវិទ្យាល័យផ្សេងៗ ទៀតផងដែរ។
នាឱកាស នៃការសម្តែង របស់និស្សិតឆ្នើមនេះលោកគ្រូ និងអ្នកគ្រូ ដែលជាអ្នកបណ្តុះបណ្តាល ក៏បានបង្ហាញចំណាប់អារម្មណ៍ថា នៅក្នុងកម្មវិធីបង្ហាញសមត្ថភាព និងស្នាដៃរបស់ក្រុមនិស្សិត នៃការសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» គឺជាការបង្ហាញពីប្រវត្តិសាស្រ្តកម្ពុជា នាសម័យបុរាណ ហើយការសម្តែងនេះក៏ជាការបង្កើតកម្មវិធី សប្បាយមួយផងដែរ សម្រាប់និស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ដែលត្រៀមប្រឡង ឆមាសនាពេលខាងមុខ។
លោកគ្រូ-អ្នកគ្រូ បានឲ្យដឹងទៀតថា ការសម្តែង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» នេះ គឺតម្រូវតែសិស្សនិស្សិតឆ្នើមដែលសមត្ថភាពខ្ពស់ក្នុងការសម្តែងតែប៉ុណ្ណោះ និងជាការចម្រាញ់យកនិស្សិតពូកែ ដើម្បីចម្រុះយកវគ្គបន្ត។
ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ក៏បានលើកទឹកចិត្តដល់ក្រុម និស្សិតទាំងអស់ ឲ្យមានការខិតខំប្រឹងប្រែងបន្តទៀត និងដើម្បីសិក្សាស្វែងយល់ឲ្យកាន់តែច្រើន អំពីប្រវត្តិសាស្ត្រកម្ពុជា។
លោក ចាំង វណ្ណហ៊ុយ ជានិស្សិត នៃសាកលវិទ្យាល័យន័រតុន ជំនាញស្ថាបត្យកម្ម បានលើកឡើងទាំងអារម្មណ៍ សប្បាយរីករាយថា «ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ នៅពេលដែលបានចូលរួមក្នុងកម្មវិធី នៃការសម្តែងរឿង ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរនេះ ក្នុងនាមខ្ញុំជានិស្សិតផ្នែកស្ថាបត្យកម្ម ដែលមានចូលរួម និងសម្តែងជាតួអង្គ “សេនាប្រមុខ” ខ្ញុំសូមថ្លែងអំណរគុណ ដល់លោកគ្រូ-អ្នកគ្រូ ដែលបានរៀបចំកម្មវិធីនេះឡើង»។
វណ្ណហ៊ុយ បន្តទៀតថា កាលដែលអ្នកដឹកនាំ ក៏ដូចជាលោកគ្រូ-អ្នកគ្រូ បង្កើតកម្មវិធីនេះឡើង ដើម្បីឲ្យរូបលោកនិងនិស្សិតផ្សេងទៀត កាន់តែយល់ច្បាស់អំពីប្រវត្តិសាស្ត្រខ្មែរ ដែលមានតាំងពីបុរាណកាលមក និងម្យ៉ាងវិញទៀត ដើម្បីធ្វើយ៉ាងណាឲ្យនិស្សិតទាំងអស់ ដែលសិក្សាឆ្នាំមូលដ្ឋាននេះ មានអារម្មណ៍រីករាយ បន្ទាប់ពីសិក្សាអស់ជាច្រើនម៉ោងមកហើយនោះ។
បើតាម ចាំង វណ្ណហ៊ុយ និស្សិតដែលចូលរួមក្នុងការសម្តែង ទាំងអស់ មិនត្រូវបានចំណាយថវិកាអ្វីទេ រួមទាំងសម្លៀកបំពាក់ គឺសាកលវិទ្យាល័យន័រតុនជាអ្នករ៉ាប់រង។
និស្សិតម្នាក់ទៀត សិក្សាជំនាញអក្សរសាស្ត្រអង់គ្លេស នៅសាកលវិទ្យាល័យន័រតុន ដែលជាអ្នកទស្សនាសកម្មភាព សម្តែងរបស់ក្រុមនិស្សិតថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន អំពីការសម្តែងរឿង «ព្រេងនិទាន និងប្រវត្តិសាស្ត្រខ្មែរ» បានឲ្យដឹងដែរថា រូបគាត់ពិតជាសប្បាយជាខ្លាំង នៅពេលដែលសាកលវិទ្យាល័យតែងតែបង្កើតកម្មវិធីប្លែកៗ ជាពិសេសការ សម្តែងរឿងប្រវត្តសាស្ត្រ ដែលជាហេតុធ្វើឲ្យរូបគាត់បាន រលឹក និងដឹងកាន់តែច្បាស់អំពីប្រវត្តសាស្ត្ររបស់កម្ពុជា នាសម័យបុរាណ។
និស្សិតរូបនេះ ក៏បានស្នើដល់លោកគ្រូ និងអ្នកគ្រូដែលជាអ្នកដឹកនាំកម្មវិធីនេះ ឧស្សាហ៍បង្កើតកម្មវិធីបែបបុរាណនេះបន្ថែមទៀត ដើម្បីជាជំនួសស្មារតីដល់និស្សិតជំនាន់ក្រោយ ឲ្យដឹងកាន់តែច្បាស់ពីប្រវត្តិកម្ពុជា។
សូមបញ្ជាក់ថា សាកលវិទ្យាល័យន័រតុន តែងតែបង្កើតកម្មវិធីថ្មីៗ និងប្លែកៗជូនដល់និសិ្សត ដើម្បីឲ្យពួកគាត់បានស្វែងយល់ឲ្យកាន់តែច្បាស់អំពីជំនាញរបស់ខ្លួន ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានលើកទឹកចិត្តដល់និស្សិតឲ្យមានការខិតខំប្រឹង ប្រែងបន្ថែមទៀត នូវចំណេះជំនាញរបស់ខ្លួន ដើម្បីទៅចាប់ឱកាសនូវការងារខាងក្រៅ៕