ព័ត៌មានអន្តរជាតិ

Update:. ​មី​ស៊ី​ល​ផ្លោង ​២​គ្រាប់របស់កូរ៉េ​ខាងជើង ​​​ធ្លាក់​ក្នុង​តំបន់សេដ្ឋកិច្ច ផ្ដាច់មុខរបស់​ជប៉ុន

តូក្យូ៖ ទីក្រុងតូក្យូ និងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះកាំជ្រួចមីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ចូលទៅក្នុងសមុទ្រ ពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយគ្រាប់មីស៊ីលទាំងពីរបានធ្លាក់នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។

ការបាញ់បង្ហោះនេះបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងជើង បានព្រមានកាលពីដើមថ្ងៃថា ខ្លួននឹងចាត់វិធានការមួយចំនួន ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធបាញ់គ្រាប់ពិតដ៏ធំដោយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។ ការផ្លាស់ប្តូរនេះក៏បានកើតឡើង ខណៈពេលដែលទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ស្ថិតនៅក្នុងទីក្រុងតូក្យូសម្រាប់កិច្ចប្រជុំ។

ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា កាំជ្រួចមីស៊ីលទាំង ២គ្រាប់នេះបានឈានដល់កម្ពស់អតិបរមាប្រហែល ៥០គីឡូម៉ែត្រ មុនពេលធ្លាក់ក្នុងសេដ្ឋកិច្ចផ្ដាច់មុខរបស់ប្រទេស ដោយគ្រាប់ទីមួយធ្វើដំណើរបានប្រហែល ៨៥០គីឡូម៉ែត្រ និងទីពីរហោះបានចម្ងាយប្រហែល ៩០០គីឡូម៉ែត្រ។ កាំជ្រួចកូរ៉េខាងជើង ចុងក្រោយបានធ្លាក់ចូលទៅក្នុងតំបន់ សេដ្ឋកិច្ចផ្ដាច់មុខ របស់ប្រទេសជប៉ុន ដែលលាតសន្ធឹងប្រហែល ៣៧០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររបស់ខ្លួនកាលពីខែកុម្ភៈ។

ប្រមុខខុទ្ទកាល័យជប៉ុនលោក Hirokazu Matsuno បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា មីស៊ីលដែលកូរ៉េខាងជើង បានបាញ់កាលពីថ្ងៃព្រហស្បតិ៍ “មិនជាប់ពាក់ព័ន្ធ” ការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណប ដែលប្រទេសនេះបានជូនដំណឹងដល់ប្រទេសជប៉ុន កាលពីចុងខែមុននោះទេ។

នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានប្រាប់អ្នកយក ព័ត៌មានថា មិនមានរបាយការណ៍អំពីការខូចខាតដោយមីស៊ីលនេះទេ ហើយបានលើកឡើងថា ទីក្រុងតូក្យូ បានធ្វើការតវ៉ាជាមួយកូរ៉េខាងជើង ជុំវិញការបាញ់បង្ហោះនោះ។

ក្រុង​ព្យុងយ៉ាង​បានឲ្យដឹង​ថា ​ខ្លួន​នឹង​ធ្វើ​ការ​ប៉ុនប៉ង​មួយ​ទៀត ​ដើម្បី​បាញ់​បង្ហោះ​ផ្កាយ​រណប​ចារកម្ម​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

លោក Matsuno អ្នកនាំពាក្យកំពូលរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន មិនបានចេញបញ្ជា ដើម្បីកម្ទេចមីស៊ីល ដែលបានបាញ់ឆ្ពោះទៅសមុទ្រជប៉ុននោះទេ។

យោងតាមក្រសួងបានឱ្យដឹងថា កាំជ្រួចបានធ្លាក់ចូលទៅក្នុងសមុទ្រចម្ងាយប្រហែល ២៥០ គីឡូម៉ែត្រភាគពាយ័ព្យនៃកោះ Hegura ដែលស្ថិតនៅចម្ងាយប្រហែល ៥០ គីឡូម៉ែត្រ ពីឆ្នេរសមុទ្រនៃខេត្ត​ Ishikawa របស់ប្រទេសជប៉ុន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top