ភ្នំពេញ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ កម្ពុជាសម្រេចបានជោគជ័យជាច្រើន ទាំងក្នុងក្របខណ្ឌផ្ទៃក្នុងជាតិ តំបន់ និងអន្តរជាតិ បើទោះបីពិភពលោកកំពុងប្រឈមបញ្ហាស្មុគស្មាញ ភាពមិនប្រាកដប្រជាក៏ដោយ។
នាឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការដឹកនាំគម្រោង សាលាជាតិរដ្ឋបាលមូលដ្ឋាន នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ លោក សក់ សេដ្ឋា បានថ្លែងថា ឆ្នាំ២០២៣នេះ ជាឆ្នាំចុងក្រោយ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។
លោកគូសបញ្ជាក់ថា «ក្នុងរយៈពេល ៥ឆ្នាំ កន្លងមកនេះ កម្ពុជាសម្រេចបានជោគជ័យ ជាច្រើនគួរឲ្យកត់សម្គាល់ និងមានមោទកភាព ទាំងនៅក្នុងក្របខណ្ឌផ្ទៃក្នុងជាតិ តំបន់ និងអន្តរជាតិ បើទោះបីពិភពលោក កំពុងប្រឈមបញ្ហាស្មុគស្មាញភាពមិនប្រាកដប្រជា ទាំងផ្នែកនយោបាយ សន្តិសុខ និងគ្រោះធម្មជាតិជាច្រើនដែលបង្កឡើងដោយមនុស្ស និងធម្មជាតិ បានធ្វើឲ្យប៉ះពាល់យ៉ាងធំធេង ដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាសកល»។
លោកបន្ដថា ក្នុងក្របខណ្ឌផ្ទៃក្នុង កម្ពុជាបានចាត់វិធានការចាំបាច់ នានាដោយជោគជ័យទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ជំនន់ទឹកភ្លៀង ក៏ដូចពីវិបត្តិសាកលផ្សេងទៀត មានដូចជា ការកើនឡើងតម្លៃទំនិញ ប្រេងឥន្ធនៈ និងការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច ជាដើម។
លើសពីនេះ រដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា ក្នុងរយៈពេល ៥ឆ្នាំនេះ ក្រសួងមហាផ្ទៃ ក៏បានខិតខំបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងគណនេយ្យភាព ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ពាក់ព័ន្ធការថែរក្សា និងការការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម ការងារអត្តសញ្ញាណកម្ម ការងារអន្តោប្រវេសន៍ ការទប់ស្កាត់អំពើជួញដូរមនុស្ស និងគ្រឿងញៀន ការគ្រប់គ្រងពន្ធនាគារ ការគ្រប់គ្រងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលតាមវិធានការច្បាប់ ក៏ដូចការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ៕