បរទេស៖ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម លោក Hoang Xuan Chien បានប្រាប់មន្ត្រីជាន់ខ្ពស់រុស្ស៊ី ក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ក្នុងសប្តាហ៍នេះថា វៀតណាមប្តេជ្ញារក្សា និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ដោយមិនគិតពីការផ្លាស់ប្តូរកាលៈទេសៈអន្តរជាតិឡើយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ៍របស់វៀតណាម រូបនេះបានប្រាប់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu កាលពីថ្ងៃព្រហស្បតិ៍ថា “ទោះជារុស្ស៊ីប្រឈមមុខនឹងការលំបាកយ៉ាងណាក៏ដោយ ក៏វៀតណាមតែងតែគាំទ្ររុស្ស៊ី”។
លោកបានរំលឹកសារជាថ្មីទៅកាន់ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកទេសចរណ៍ កីឡា វប្បធម៌ និងទំនាក់ទំនង របស់រុស្ស៊ី លោក Dmitry Chernyshenko ថា “វៀតណាមនឹងនៅជាមួយអ្នក ទោះជាស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ”។
មន្ត្រីយោធាជាន់ខ្ពស់វៀតណាម កំពុងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ដើម្បីធ្វើបច្ចុប្បន្នភាពផែនទីផ្លូវយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការរយៈពេលវែង ដែលទីក្រុងម៉ូស្គូ និងទីក្រុងហាណូយ បានយល់ព្រមអភិវឌ្ឍកាលពីពីរឆ្នាំមុន។
យោងតាមលោក Chernyshenko គឺថា រដ្ឋាភិបាលរុស្ស៊ីស្ទើរតែបានបញ្ចប់ការរួមចំណែករបស់ខ្លួនសម្រាប់ឯកសារដ៏ទូលំទូលាយ ហើយនឹងបញ្ជូនវាទៅដៃគូវៀតណាមក្នុងពេលឆាប់ៗនេះ។
មន្ត្រីយោធារុស្ស៊ី ក៏បានពិភាក្សាជាមួយភ្ញៀវវៀតណាម អំពីផែនការអនាគតរបស់ពួកគេសម្រាប់មជ្ឈមណ្ឌលត្រូពិចរួមគ្នា ដែលជាកន្លែងស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបានប្រារព្ធខួបលើកទី ៣៥ របស់ខ្លួននៅក្នុងខែមីនា។ មជ្ឈមណ្ឌលនេះធ្វើការសិក្សាលើផ្នែកនានារាប់ចាប់ពីថ្នាំពេទ្យ រហូតដល់វិទ្យាសាស្ត្រសម្ភារៈ ដែលអាចមានកម្មវិធីការពារជាក់ស្តែង៕ ប្រែសម្រួលៈ ណៃ តុលា