តូក្យូ៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលមួយគ្រាប់នៅព្រឹកថ្ងៃពុធនេះ ដែលសង្ស័យថា ជាប្រភេទមីស៊ីលផ្លោង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។
យោធាកូរ៉េខាងត្បូង ក៏បានអះអាងដែរថា ទីក្រុងព្យុងយ៉ាង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុន។ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Yasukazu Hamada បានឲ្យដឹងថា កាំជ្រួចដែលត្រូវបានបាញ់នៅម៉ោងប្រហែល ៩ និង ៥៩ នាទីព្រឹក ត្រូវបានគេព្យាករណ៍ថា នឹងធ្លាក់នៅម៉ោងប្រហែល ១១ និង ១៣ នាទីព្រឹក នៅក្នុងសមុទ្រចម្ងាយ ៥៥០ គីឡូម៉ែត្រខាងកើតឧបទ្វីបកូរ៉េ និងនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។
កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទិកលើកចុងក្រោយកាលពីថ្ងៃទី១៥ ខែមិថុនា នៅពេលដែលកាំជ្រួចរយៈចម្ងាយខ្លីចំនួន២គ្រាប់បានធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន ក្បែរខេត្ត អ៊ិស៊ីកាវ៉ា តាមបណ្តោយសមុទ្រជប៉ុន ។
កាលពីដើមសប្តាហ៍នេះលោកស្រី គីម យូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានព្រមានយោធាអាមេរិកថា ខ្លួននឹងប្រឈមមុខនឹងការបាញ់ទម្លាក់ ប្រសិនបើយន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់កងទ័ពអាកាសអាមេរិក ធ្វើការហោះហើយម្តងទៀតនូវ “ការឈ្លានពានខុសច្បាប់” នៅក្នុង ដែនអាកាសរបស់ប្រទេសនេះ នៅឯឆ្នេរសមុទ្ររបស់ខ្លួន៕
ប្រែសម្រួល ឈូក បូរ៉ា