ព័ត៌មានជាតិ

សម្ដេចតេជោ ៖ ឥទ្ធិពលសុខសន្តិភាព ធ្វើឲ្យរាជរដ្ឋាភិបាលសម្រេចសមិទ្ធផលថ្មីៗច្រើន ពិសេសធានាបានបូរណភាពទឹកដី

រូបភាពពី៖​ តេឡេក្រាម សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ឥទ្ធិពលនៃសុខសន្តិភាព ធ្វើឲ្យរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន ជាពិសេសការធានាបានបូរណភាពទឹកដី ស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គមជាដើម។

នាឱកាសអញ្ជើញសម្ពោធដាក់ប្រើប្រាស់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១ នាថ្ងៃ១៤ កក្កដា សម្ដេចតេជោគូសបញ្ជាក់ថា «ឥទ្ធិពលនៃសុខសន្តិភាព បានធ្វើឲ្យរាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលថ្មីៗជាច្រើន ជាពិសេសការធានាបានបូរណភាពទឹកដី ស្ថេរភាពនយោបាយ និងសណ្ដាប់ធ្នាប់សង្គម ការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ តាមបែបប្រជាធិបតេយ្យ តាមរយៈគោលនយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់ និងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០-៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន»។

សម្ដេចតេជោរំលឹកថា នាពេលកន្លងទៅថ្មីៗនេះ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ប្រកបដោយជោគជ័យត្រចេះត្រចង់ ដោយបានផ្សព្វផ្សាយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នៅទូទាំតំបន់ និងពិភពលោក ជាពិសេសបង្ហាញអំពីសក្ដានុពល និងកិត្យានុភាពកម្ពុជា ក្នុងការរៀបចំពិធីជាលក្ខណៈអន្តរជាតិ បានពេញលេញ ប្រកបដោយថាមពល និងមានសុវត្ថិភាព នៅក្នុងបាវចនាកីឡារស់ក្នុងសន្តិភាព សន្តិភាពដើម្បីទាំងអស់គ្នា ហើយទាំងអស់គ្នាដើម្បីសន្តិភាព។

សម្ដេចតេជោបន្ដថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំអភិវឌ្ឍ៍សង្គម-សេដ្ឋកិច្ចលើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ក្នុងនោះ បណ្ដាញផ្លូវក្រុង សួន និងសំណង់សាធារណៈ រួមមានសំណង់បេតិកភណ្ឌ សំណង់ប្រវត្តិសាស្រ្ដ និងទីតាំងបុរាណនានា ដែលបានរំលេចនូវវប្បធម៌ប្រពៃណី អរិយធម៌ ជាមួយនឹងការការពារអភិរក្ស និងការស្ថាបនាឡើងវិញនូវរូបសំណាក បដិមា ឬសំណង់បេតិកភណ្ឌវប្បធម៌ នៅតាមសួន និងទីតាំងសាធារណៈ៕

To Top