បរទេស ៖ ប្រទេសកូរ៉េខាងជើង បានគំរាមឆ្លើយតប ដោយអាវុធនុយក្លេអ៊ែរ ប្រសិនបើអាមេរិក ដាក់ពង្រាយនាវាផ្ទុកយន្តហោះ យន្តហោះទម្លាក់គ្រាប់បែក និងនាវាមុជទឹកផ្ទុកមីស៊ីលនៅកូរ៉េខាងត្បូង, នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយដែលចែករំលែក កាលពីថ្ងៃព្រហស្បតិ៍ ដោយបណ្តាញសារព័ត៌មានរដ្ឋរបស់កូរ៉េខាងជើង KCNA ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ បានឱ្យដឹងថា ទីក្រុងព្យុងយ៉ាងអះអាងថា ទោះបីជាមានការព្រមាន ម្តងហើយម្តងទៀត ក៏ដោយ ក៏ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបានបើកកិច្ចប្រជុំនៃ “ក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ” កាលពីថ្ងៃទី ១៨ ខែកក្កដា ដើម្បីពិភាក្សាអំពីការ ប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងកូរ៉េខាងជើង។
រដ្ឋមន្ត្រីការពារជាតិកូរ៉េខាងជើង លោក Sun Kang បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ជាពិសេស កងកម្លាំងអរិភាព បានបង្កការគំរាមកំហែង នុយក្លេអ៊ែរ ដែលមិនក្លែងបន្លំ និងដោយផ្ទាល់បំផុតចំពោះកូរ៉េខាងជើង ដោយនាំយកនាវាមុជទឹក នុយក្លេអ៊ែរយុទ្ធសាស្ត្រថ្នាក់ Ohio ទៅកាន់មូលដ្ឋានប្រតិបត្តិការ កំពង់ផែ Busan ដែលមានន័យថា អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រ ត្រូវបានដាក់ពង្រាយ នៅលើឧបទ្វីបកូរ៉េជាលើកដំបូង បន្ទាប់ពីរយៈពេល ៤០ ឆ្នាំ” ។
លោកបានអះអាងថា ចំណាត់ការនេះបង្ហាញថា សេណារីយ៉ូរបស់សហរដ្ឋអាមេរិកសម្រាប់ការវាយប្រហារនុយក្លេអ៊ែរលើកូរ៉េខាងជើង គឺបានចូលដល់ “ដំណាក់កាលដ៏សំខាន់បំផុតនៃការមើលឃើញ និងជាប្រព័ន្ធ”។
លោក Kang បានចោទទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលទៀតថា ដើរហួសពីបន្ទាត់ក្រហម នៅក្នុងភាពច្របូកច្របល់យោធា របស់ពួកគេ ហើយបានអះអាងថា ការដាក់ពង្រាយ នាវាមុជទឹកនុយក្លេអ៊ែរ និង ទ្រព្យសម្បត្តិយោធាយុទ្ធសាស្ត្រផ្សេងទៀត ស្ថិតនៅក្រោមលក្ខខណ្ឌ សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលបានបញ្ជាក់នៅក្នុង គោលលទ្ធិយោធាកូរ៉េខាងជើង។
លោក Kang រដ្ឋមន្ត្រីការពារជាតិ កូរ៉េខាងជើង បាននិយាយទៀតថា “គោលលទ្ធិរបស់កូរ៉េខាងជើង ស្តីពីការប្រើប្រាស់អាវុធ នុយក្លេអ៊ែរអនុញ្ញាតឱ្យ អនុវត្តនីតិវិធីសកម្មភាព ចាំបាច់ក្នុងករណី ដែលការវាយប្រហារ នុយក្លេអ៊ែរត្រូវបានចាប់ផ្តើមប្រឆាំងនឹងខ្លូន ឬវាត្រូវបានវិនិច្ឆ័យថា ការប្រើប្រាស់អាវុធ នុយក្លេអ៊ែរប្រឆាំងនឹងកូរ៉េខាងជើង ជិតមកដល់” ។
លោកក៏បានអំពាវនាវ ដល់យោធាអាមេរិកឱ្យបានដឹងថា ទ្រព្យសម្បត្តិនុយក្លេអ៊ែររបស់ខ្លួនបានចូលទៅក្នុង “ទឹកដ៏គ្រោះថ្នាក់បំផុត” ហើយ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
