តូក្យូ ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍ថា ក្រុមហ៊ុនបុត្រសម្ព័ន្ធជប៉ុន របស់ក្រុមហ៊ុន ផលិត រថយន្តអាល្លឺម៉ង់ BMW បានប្រកាសប្រមូលរថយន្តជិត ១៧ម៉ឺន គ្រឿងដោយសារបញ្ហាម៉ាស៊ីន ដែលអាចបង្ក ឱ្យមានអគ្គីភ័យ រហូតដល់ឆេះរថយន្ដតែម្ដង។
ទូរទស្សន៍ NHK បានចុះផ្សាយថា ការប្រមូលមកវិញមានគោលដៅ 27 ម៉ូដែលដែលបាននាំចូលដូចជា 320d និង 218d Active Tourer ដែលត្រូវបានផលិតនៅចន្លោះខែមិថុនា ឆ្នាំ២០១២ ដល់ខែធ្នូ ឆ្នាំ២០២២ ដោយដកស្រង់ប្រភព របស់ BMW ជប៉ុន ដែលដាក់ជូនក្រសួងដឹកជញ្ជូន។
របាយការណ៍បានឲ្យដឹងថា ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុន បានឲ្យដឹងថា ដំណើរការខុសប្រក្រតី នៅក្នុងប្រព័ន្ធបញ្ចេញឧស្ម័នផ្សងរបស់ម៉ាស៊ីន បណ្តាលឱ្យមានកំណកក្នុងបំពង់ស្រូបយក ហើយអាចបណ្តាល ឱ្យមានភ្លើងឆេះនៅក្នុងករណីដ៏អាក្រក់បំផុត ។
គួរបញ្ជាក់ថា មានការរាយការណ៍ពីបញ្ហាចំនួន ៣៨ ដែលក្នុងនោះមានអគ្គិភ័យចំនួន ៤ ។ ប្រភពបានបន្ថែមថា គ្មានអ្នករបួសត្រូវបានគេរាយការណ៍នោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា