ចាប់ពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៦ ខែកក្កដា កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៧៧ នៃគណៈកម្មាធិការ សវនកម្ម របស់អង្គការ សហប្រជាជាតិ បានបើកធ្វើនៅទីចាត់ការទូទៅ នៃអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមអធិបតីភាព របស់លោក Hou Kai ប្រធានគណៈកម្មាធិការ សវនកម្មអង្គការ សហប្រជាជាតិ និងជាអគ្គសវនករ នៃអាជ្ញាធរសវនកម្មចិន ។ កិច្ចប្រជុំនេះ បានពិនិត្យពិភាក្សា និងអនុម័តរបាយការណ៍ សវនកម្មចំនួន ២១ ច្បាប់ស្តីពីទីភ្នាក់ងារ និងគម្រោងពាក់ព័ន្ធ របស់អង្គការសហប្រជាជាតិ សម្រាប់ឆ្នាំសារពើពន្ធ ២០២២ ។
ក្នុងអំឡុងពេលកិច្ចប្រជុំ សមាជិកគ្រប់រូប នៃគណៈកម្មាធិការសវនកម្ម បានជួបពិភាក្សាការងារ ជាមួយលោក Guterres អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងបានផ្លាស់ប្តូរមតិយោបល់ អំពីបញ្ហាសំខាន់ៗ ដែលត្រូវបានរកឃើញ នៅក្នុងការងារសវនកម្ម របស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំសារពើពន្ធ ២០២២ ក៏ដូចជាការងារអាទិភាព និងបញ្ហាប្រឈមរបស់អង្គការ សហប្រជាជាតិនាពេលបច្ចុប្បន្ន ។
លោក Hou Kai បានសង្កត់ធ្ងន់ថា គណៈកម្មាធិការសវនកម្ម នឹងបំពេញភារកិច្ចសវនកម្ម របស់ខ្លួនឯងយ៉ាងផ្ចិតផ្ចង់ ដើម្បីរួមគ្នាជំរុញ ការសម្រេចរបៀបវារៈ អភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ ២០៣០ របស់អង្គការសហប្រជាជាតិ ។ លោក Guterres បានសម្តែងការកោតសរសើរ ចំពោះគណៈកម្មាធិការសវនកម្ម ដែលបានដើរតួនាទីសំខាន់ ក្នុងការជួយអង្គការ សហប្រជាជាតិ កែលម្អការងារគ្រប់គ្រង ពង្រឹងការគ្រប់គ្រងផ្ទៃក្នុង និងកែលម្អអភិបាលកិច្ច ព្រមនិងសម្គាល់ ឃើញថា បញ្ហាដែលបានរកឃើញ នៅក្នុងការងារសវនកម្មវាមានសារៈសំខាន់ខ្លាំងណាស់ ហើយសំណើខាងសវនកម្ម ដែលបានដាក់ ចេញក៏មាន សារៈសំខាន់ខ្លាំងដែរ ។ លោកថ្លែងថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មាធិការសវនកម្ម កែតម្រូវយ៉ាងសកម្ម នូវបញ្ហាដែលត្រូវបាន រកឃើញ នៅក្នុងការងារ សវនកម្ម ព្រមនិងគាំទ្រ ដោយពេញទំហឹង ដល់គណៈកម្មាធិការសវនកម្ម ដើម្បីបំពេញភារកិច្ចនិង បេសកកម្មរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើង ៕ វិទ្យុមិត្តភាពកម្ពុជាចិន