នយោបាយ

សម្តេចតេជោ ៖ គណបក្សមួយ អាចនឹងត្រូវរំលាយដោយសារមានភស្តុតាងរួចហើយ

រូបភាព៖ តេឡេក្រាមសម្តេច

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់យ៉ាងច្បាស់ៗថា គណបក្សនយោបាយមួយអាចនឹងត្រូវរំលាយ ដោយសារបានប្រព្រឹត្តិល្មើសច្បាប់ដោយរកឃើញភស្តុតាងជាច្រើនព្រមទាំងមានការសារភាពពីបក្ខពួកខ្លួនផងដែរ។

ការលើកឡើងរបស់សម្តេចតេជោយ៉ាងនេះ ទំនងជាសំដៅទៅកាន់គណបក្សភ្លើងទៀនដែលគណបក្សនេះមានជាប់ពាក់ព័ន្ធនឹងការធ្វើការតាមរយៈលោក សម រង្ស៊ី ។ ជាក់ស្តែងកម្មជនមួយចំនួនត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងធ្វើយុទ្ធនាការឲ្យពលរដ្ឋទៅបោះឆ្នោត តែគូសបំផ្លាញសន្លឹកឆ្នោតចោល។ សម្រាប់ អ្នកញុះញុងឲ្យពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតចោលនេះ ទាំងក្នុងថ្ងៃបោះឆ្នោតនិងក្រោយថ្ងៃបោះឆ្នោតបានឃាត់ខ្លួនប្រហែលជា២០នាក់ផងដែរ ។

ថ្លែងចេញពីវេទិកាដាក់ឲ្យប្រើប្រាស់ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតក្នុងខេត្តកណ្ដាល នាព្រឹកថ្ងៃ៣ សីហា សម្តេចតេជោដែលទើបចេញជាសាធារណៈជាលើកដំបូង បន្ទាប់ពីបោះឆ្នោតបានគូសបញ្ជាក់ទៅកាន់បក្សមួយដែលសម្តេចមិនបញ្ចេញឈ្មោះ តែក្នុងន័យដល់គណបក្សភ្លើងទៀននោះថា «ប្រសិនបើមេចៅ ហ្វាយ(លោកសម រង្ស៊ី)របស់ខ្លួនលើកកំាបិតមកកាប់ខ្ញុំ នោះខ្ញុំនឹងលើកកាំបិតកាប់កូនចៅរបស់អ្នកវិញ ។ ចំណុចនេះមូលហេតុងាយយល់នោះទេ ព្រោះមានភស្តុតាងមានស្រាប់អំពីអ្នកខ្លះបង្កើតឆានែលតេឡេក្រាមសប្បាយ? ខ្ញុំបានចូលខំមិនផ្ទាល់ក្នុងហ្នឹង ហើយយើងរកឃើញមុខសញ្ញាមួយចំនួនដែលចេញពីស្រុកក្រៅមកក្នុងគណបក្សនយោបាយមួយ ។ អីចឹងទេ តើគណបក្សនេះ (គណបក្សភ្លើងទៀន)គួរត្រូវបានរំលាយឬអត់?»។

សម្តេចលើកឡើងថា បើមេគេមានបំណងអាក្រក់មកលើសម្តេចហើយ គឺសម្តេចក៏មិនញញើតក្នុងការតវ៉ាផ្តាច់ផ្តិលកាប់ឬសគល់ប្រវាត់ចោលដែរ។ សម្តេចតេជោ “ចំណុចនេះយើងតថ្លៃគ្នានៅចំណុចនេះ អ្នកឯងប្រព្រឹត្តិខុសច្បាប់ ហើយមានអ្នកចេញមកសារភាពទៀត ។ ជាក់ស្តែងមានតេឡេក្រាមសប្បាយទៀត រួចហើយអ្នកដែលថតបានបង្ហោះបានទៅទៀត! យើងមានភស្តុតាងគ្រប់គ្រាន់ថា បក្សនយោបាយនោះ កំពុងជាប់ពាក់ព័ន្ធហើយបក្សនយោបាយនោះ បានដាក់មេធាវីការពារចំពោះអ្នកដែលកំពុងធ្វើការ ងារនោះ តើនេះជាភស្តុតាងមួយទេ?” ។

សម្តេចក៏បានផ្ញើសារផ្តាំទៅគណបក្សមួយនោះទៀតថា គួរដឹងខ្លួនហើយ តើសមាជិកខ្លួនបានធ្វើអ្វីខ្លះហើយមានចេញសារភាព និងមួយចំនួនទៀតក៏ត្រូវបានគ.ជ.ប ពិន័យ និងកាត់សិទ្ធិធ្វើនយោបាយ ខណៈមួយចំនួនអាជ្ញាធរកំពុងស្វែងរកដោយមានភស្តុតាងភ្ជាប់មកដេរ។

ជាមួយគ្នានោះដែរ សម្តេចតេជោក៏បានស្នើឲ្យបណ្តាប្រទេសមួយចំនួន កុំមកចាប់បង្ខំឲ្យកម្ពុជាធ្វើតាមខ្លួន ហើយសម្តេចក៏បានដាស់តឿនអ្នកទាំងនោះ ត្រូវគោរពឯករាជ្យភាព និងអធិបតេយ្យភាពរបស់កម្ពុជា ។

សម្តេចបញ្ជាក់ថា “យើងដឹងហើយថា យុទ្ធនាការកុំឲ្យប្រជាជនទៅបោះឆ្នោត ប៉ុន្តែប្រជាជនទៅបោះឆ្នោ តរហូតដល់ជាង៨៤ភាគរយ មានន័យថា អ្នកឲ្យធ្វើយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោតចោល ហើយសន្លឹកឆ្នោតដែលខូចមានត្រឹមតែ៥ភាគរយ ហើយប្រៀបធៀបនឹងឆ្នាំ២០១៨សន្លឹកឆ្នោតខូចជាង៨ភាគរយ»៕

ក្នុងឱកាសនោះដែរសម្តេចបានព្រមានថា សម្តេចបានគិតគូរពីសំឡេងភាគតិចដែលបានគាំទ្រពីប្រជាពលរដ្ឋ តែបើសិនមានការចាប់បង្ខំពីបណ្តាប្រទេសមួយចំនួននោះ សម្តេចមិនមានការយោគយល់ដល់ភាគីដែលមានសំឡេងភាគតិចនោះទេ។

To Top