ព័ត៌មានជាតិ

សាំងឡើងថ្លៃ គ្មានការពាក់ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជា

ភ្នំពេញ ៖ មានការលើកឡើងថា ប្រេងសាំងឡើងថ្លៃដោយសារតែគណបក្សប្រជាជនកម្ពុជានៅពីក្រោយ ដើម្បីប្រមូលថវិកាមកវិញក្រោយបោះឆ្នោត ប៉ុន្តែចំពោះការចោទប្រកាន់នេះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ក៏ដូចជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបដិសេធព្រមគ្នាថា គ្មានការជាប់ពាក់ព័ន្ធជាមួយគណបក្សនោះទេ ។

ឆ្លើយតបចំពោះការចោទប្រកាន់អំពីសាំងឡើងថ្លៃដែលក្រសួងពាណិជ្ជកម្មបានប្រកាស កាលពីថ្ងៃ១ សីហា សម្រាប់រយៈពេល១០ថ្ងៃខាងមុខ(១-១០សីហា) លោក សុខ ឥសានតាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៤ សីហា បានអះអាងថា សាំងឡើងថ្លៃមិនមែនមានតែនៅកម្ពុជាមួយនោះទេ ប្រទេសផ្សេងក៏ឡើងដែរ ។ ណាមួយមកពីបញ្ហាសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ដូច្នេះកុំចេះតែមកចោទប្រកាន់គណបក្សប្រជាជនកម្ពុជាផ្តេសផ្តាស ។

ឆ្លើយសំណួរជាមួយមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល​ថា​ មានកាជាប់ពាក់ព័ន្ធជាមួយគណបក្សប្រជាជនកម្ពុជាទេលោកថា “បាទអត់ទេ​ ។​ មកចោទប្រកាន់ថា មកយកថ្លៃតំឡើងថ្លៃសាំងហ្នឹងអីគឺជាទូទៅនៅលើពិភពលោក គ្មាន ប្រទេសណាមួយដែលថែរក្សាស្ថិរភាពតម្លៃសាំងរបស់ខ្លួនទេ ពីព្រោះប្រទេសទាំងអស់ហ្នឹងសុទ្ធតែរណបទៅលើតម្លៃសាំងប្រែប្រួលនៅលើទីផ្សារអន្តរជាតិ ។ ចឹងទេ វាជះឥទ្ធិពលដល់សង្រ្គាមពីសង្រ្គាម អ៊ុយក្រែន និងជំងឺកូវីដ១៩ ទៅឲ្យស្ថិរភាពតម្លៃសាំងប្រែប្រួលមិនហ្នឹងនរទេ ហើយក៏កម្ពុជាក៏ដូច្នោះដែរ” ។

បើតាមលោក សុខ ឥសានដដែល ដោយសារចំណុចខាងលើនេះ ទើបរាជរដ្ឋាភិបាលតាមរយៈក្រសួងពាណិជ្ជកម្មមានយន្តការកំណត់ថ្លៃដោយត្រួតពិនិត្យមិនឲ្យឈ្មួញឆ្លៀតឱកាសតំឡើងថ្លៃតាមអំពើចិត្ត ។

ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងចាប់ពីថ្ងៃ១-១០ សីហា ដោយសាំងធម្មតាតម្លៃ ៤.៥៥០រៀលឡើងថ្លៃ៤០០រៀល ខណៈម៉ាស៊ូតតម្លៃ៤.៤៥០រៀលឡើងថ្លៃ៤៥០រៀល បើប្រៀបធៀបនឹង១០ថ្ងៃមុន ។

ក្រោយឃើញបែបនេះ ក្រុមប្រឆាំងនៅក្រៅប្រទេសតាមរយៈប្រព័ន្ធផ្សព្វផ្សាយបរទេសផ្សាយជាខេមរភាសាបានស្រង់សំដីមកថា “បោះឆ្នោតរួចភ្លាម តម្លៃប្រេងឥន្ធនៈឡើងថ្លៃភ្លែតដែលនេះបង្ហាញថា គណបក្សប្រជាជនកម្ពុជា កំពុងរៀបផែនការប្រមូលលុយត្រឡប់មកវិញដែលពួកគេបានចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ធ្វើយុទ្ធនាការបោះឆ្នោត និងការរៀបចំកីឡាស៊ីហ្គេមដែលមិនយកលុយពីកីឡាករបរទេសនៅមុនការបោះឆ្នោតនោះ” ។

ពាក់ព័ន្ធករណីនេះដែរ លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មក៏បានវាយបកថា ការចោទ ប្រកាន់មកលើបក្សកាន់អំណាចបែបនេះ ធ្វើឡើងដោយបំពាន ព្រោះរដ្ឋមិនមែនជាប្រតិបត្តិករលក់ប្រេង ទេ គឺវិស័យឯកជនទេដែលមានភារកិច្ចជាអ្នកនាំមុខលក់ “ដូច្នេះការចោទប្រកាន់នេះ ក្នុងចេតនាអាក្រក់ ក្នុងការបំភ្លៃ ដើម្បីទំលាក់កំហុសលើរាជរដ្ឋាភិបាល។ ក្នុងបញ្ហានេះ រដ្ឋាភិបាលកំពុងដុតដៃដុតជើងព្យាយាមសម្របសម្រួលជាមួយវិស័យឯកជន ដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋ”។

ករណីប្រេងឡើងថ្លៃនេះ ត្រូវបានលោកពន្យល់យ៉ាងក្បោះក្បាយថា សាំងឡើងថ្លៃតាំងអំឡុងខែឧសភាមកម្ល៉េះ ដោយពេលនោះប្រេងក្នុងមួយបារែលមានតម្លៃប្រហែលជាជាង៧៦ដុល្លារ រហូតមកដល់ចុងខែ កក្កដា១បារែល ឡើងថ្លៃដល់ជាង៨៥ដុល្លារ ប៉ុន្តែដោយសារតែមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលបានឲ្យក្រសួងពាណិជ្ជកម្ម សហការជាមួយវិស័យឯកជន ខិតខំប្រឹងប្រែងទប់តម្លៃនេះ ដើម្បីផលប្រយោជន៍ពលរដ្ឋក្នុងការធ្វើដំណើរទៅវិញទៅមក ។

លោកសង្កត់ធ្ងន់ថា “សាំងហ្នឹងបានឡើងតម្លៃ៣០០រៀលរួចហើយ តាំងពីខែមិថុនា ប៉ុន្តែដោយសារមានការសម្របសម្រួលជាមួយវិស័យឯកជនទប់តម្លៃនេះ ឲ្យនៅហ្នឹងក្នុងមួយរយៈពេលក្នុងអំឡុងពេលការរៀបចំការបោះឆ្នោត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការរកស៊ីរបស់ពលរដ្ឋជាដើម” ។

លោក ប៉ែន សុវិជាតិបន្ថែមថា ដូច្នេះក្រោយការបោះឆ្នោតរួច ខាងឯកជនមិនអាចធ្វើតាមសំណូមពររបស់ក្រសួងទៀតទេ ព្រោះពួកគេបានជួយសម្រួលអស់ហើយ ៕

រូបភាពពី៖ តេឡេក្រាមលោក ប៉ែន សុវិជាតិ
To Top