ភ្នំពេញ៖ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងអ្នកស្រី យ៉ីងឡាក់ ដែលគេស្គាល់ថា គឺជាអតីតនាយករដ្ឋមន្ត្រីថៃទាំងពីរនាក់ បងប្អូនបានលេចវត្តមានគួរឱ្យភ្ញាក់ផ្អើល ក្នុងកម្មវិធីខួបកំណើតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី ៥ សីហា ម្សិលមិញនេះ។
ការលេចនូវវត្ដមាន របស់អតីតនាយករដ្ឋមន្រ្តីទាំងពីររូបនេះ គឺត្រូវបានបង្ហាញនៅក្នុងឃ្លីបវីដេអូ រយៈពេលជាង១នាទី ដែលបានបង្ហោះ តាមរយៈបណ្ដាញបណ្ដាញសង្គម Tiktok ផ្លូវការ របស់សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៦ខែ សីហានេះ។
ក្នុងខ្លឹមសារនៃវីដេអូរយៈពេលជាង១នាទី សម្ដេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់ឱ្យចំថា លោក ថាក់ ស៊ីន ស៊ីណាវ៉ាត្រា និងលោក ស្រី យ៉ីងឡាក់ ឡើយ ដោយសម្ដេចគ្រាន់តែព្រលយខ្លឹមសារខ្លីថា “ឆ្នាំនេះ មានបងប្អូនធម៌មកចូលរួមកម្មវិធីខួបកំណើតនៅគេហដ្ឋានសម្ដេចតេជោ” ។
បើទោះសម្ដេចតេជោ មិនបញ្ជាក់ឱ្យចំឈ្មោះថា ជាលោក ថាក់ ស៊ីន និងអ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត្រា ចូលរួមកម្មវិធីខួបកំណើតសម្ដេច ក៏ប៉ុន្តែបើតាមវីដេអូឃ្លីប ដែលសម្ដេចបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមតិកតុកនោះ គេអាចឃើញយ៉ាងច្បាស់ថា លោក ថាក់ស៊ីន និងអ្នកស្រីយ៉ីងឡាក់ ស៊ីណាវ៉ាត្រា ពិតជាមានវត្តមានក្នុងខួបកំណើតសម្ដេចតេជោពិតប្រាកដមែន។
សូមរំលឹកថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីថៃ ពេញមួយអាណត្តិ ចាប់ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៥។ ក្រោយជាប់ឆ្នោតអាណត្តិថ្មី លោកកាន់តំណែងបន្តបានមួយឆ្នាំ ពោលគឺ នៅខែកញ្ញាឆ្នាំ២០០៦ ហើយលោកថាក់ស៊ីន ត្រូវបានទម្លាក់ចេញ ពីអំណាចក្នុងរដ្ឋប្រហារយោធា ហើយចាប់តាំងពីពេលនោះមក លោកបានរស់នៅក្នុងលក្ខណៈនិរទេសខ្លួនអស់រយៈពេល ១៧ ឆ្នាំមកហើយ។ កំឡុងពេលរស់នៅក្រៅប្រទេសរយៈពេល១៧ឆ្នាំមកនេះ លោកបានប្រកាសថា វិលចូលប្រទេស ហើយក៏ពន្យារពេលចូលប្រទេសថៃចំនួន២០ដង រួចមកហើយ។
ជាការកត់សម្គាល់ ថ្មីៗនេះ លោកថាក់ ស៊ីន បានប្រកាសថា នឹងវិលចូលប្រទេសថៃនៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ ក៏ប៉ុន្តែកាលពីថ្ងៃទី៥ ម្សិលមិញ លោក ក៏បានប្រកាសពន្យារពេល នៃការវិលចូលប្រទេសថៃ ក្រោមហេតុផលថា ខ្លួនលោកផ្ទាល់ត្រូវពិនិត្យសុខភាព ៕