កម្សាន្ត

« កម្មវិធី Bag To School ឆ្នាំ ២០២៣ បានផ្ដល់ស្នាមញញឹមម្ដងទៀត ដល់កុមារកម្ពុជា នៅខេត្ត កំពង់ធំ »

កាលពីថ្ងៃទី ៣០ ខែ កក្កដា កន្លងទៅថ្មីៗនេះ សភាយុវពាណិជ្ជករកម្ពុជាសាខាភ្នំពេញ ( JCI Phnom Penh ) បានប្រារព្ធកម្មវិធី Bag to School ឫគម្រោង ‘ទៅរៀនដើម្បីអនាគតខ្ញុំ’ ដែលមានកញ្ញា ឈួន ឈុនលី ជាប្រធានគម្រោង នឹងចូលរួមដោយលោកស្រី ងួន លីដា ជាប្រធានថ្នាក់តំបន់ សហការជាមួយនឹងអនុប្រធាននៃJCI Marina ប្រទេសសាំងហ្គាពួរ Mr John YEO និងប្រធានថ្នាក់តំបន់នៃJCI South Saigon Mr Hieu Doan  ព្រមទាំងការចូលរួមពីម្ចាស់ឧបត្ថម្ភ សប្បុរសជននានាគ្រប់ស្រទាប់វណ្ណៈនិងគ្រប់មជ្ឈដ្ឋានទាំងអស់ បានធ្វើឱ្យកម្មវិធីមួយនេះប្រព្រឹត្តិទៅបានយ៉ាងរលូន។

គួរឱ្យដឹងផងដែរថា Bag to School ឫគម្រោង ‘ទៅរៀនដើម្បីអនាគតខ្ញុំ’ បានប្រព្រឹត្តិឡើងនៅ ភូមិកំពង់គោក្រោម ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
គោលបំណងធំៗរបស់ Bag to school គឺដើម្បីចូលរួមកាត់បន្ថយអាត្រាបោះបង់ការសិក្សារបស់សិស្សានុស្សនៅតំបន់ដាច់ស្រយាល ព្រមទាំងអប់រំជំរុញលើកទឹកចិត្តអាណាព្យាបាលឱ្យយល់កាន់តែច្បាស់ពីសារៈសំខាន់នៃការសិក្សាសម្រាប់អនាគតកូនៗនិង សង្គមជាតិនាថ្ងៃអនាគត។

ដោយឡែកគម្រោង ‘ទៅរៀនដើម្បីអនាគតខ្ញុំ’ ២០២៣នេះបានធ្វើការចែកសម្ភារៈសិក្សាម្នាក់មួយកញ្ចប់និងទឹកដោះគោម្នាក់មួយកេសជូនទៅដល់សិស្សានុសិស្សសរុប ៦០០នាក់ ដែលមកពីសាលាចំនួនពីររួមគ្នាគឺ សាលាបឋមសិក្សា កំពង់គោក្រោម និងសាលាបឋមសិក្សា កោះគ្របបាយ រួមទាំងមានសកម្មភាពសប្បាយៗជាច្រើនទៀតជាមួយសិស្សានុសិស្ស ។

មិនតែប៉ុណ្ណោះBag to school បានធ្វើការជំនួបសំណេះសំណាលជាមួយ លោកគ្រូ អ្នកគ្រូ និង អាណាព្យាបាលសរុប ១៩០រូប រួមទាំងមានវត្តមានការចូលរួមពីអនុប្រធានប្រតិបត្តិថ្នាក់ជាតិដែលជាតំណាងប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា លោក លី ឧត្តម និង លោក អឹម វ៉ាន់នីដែលជាតំណាងមន្ទីរ អប់រំយុវជន នឹងកីឡា ខេត្តកំពង់ធំ លោកមេឃុំកពង់គោ សន ប៊ុនស លោក ចក អេង នាយកសាលាបឋមសិក្សាកំពង់គោក្រោម និង លោក ខេង គា នាយកសាលាបឋមសិក្សាកោះគ្របបាយ ផងដែរ ។

ក្រុមការងាររបស់សភាយុវពាណិជ្ជករកម្ពុជាសាខាភ្នំពេញ ( JCI Phnom Penh )ទាំងមូល សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅទៅដល់ សប្បុរសជនទាំងឡាយ និងម្ចាស់ឧបត្ថម្ភកម្មវិធីនានា មានដូចជា ទឹកដោះគោNuvi អង្គការយុវតារា CAFÉ 101 និងម្ចាស់ឧបត្ថម្ភជាច្រើនទៀតដែលចូលរួមតាមរយៈ JCI Marina និង JCI South Saigon បានក្លាយជាកត្តាធំមួយយ៉ាងសំខាន់ក្នុងការធ្វើឱ្យកម្មវិធីនេះ ដំណើរទៅបានប្រកបដោយលទ្ធផលល្អប្រសើរជាទីគាប់ចិត្ត ។

ក្រុមការងាររបស់គម្រោងនេះ ក៏មានភាពសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានពាំនាំស្នាមញញឹមជូនទៅដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងអាណាព្យាបាលគ្រប់រូបឱ្យចងចាំពីគម្រោងមួយនេះ ហើយរំពឹងនិងសង្ឃឹមទុកថា Bag to school នឹងនៅតែបន្តរទទួលបានការគាំទ្រពីសំណាក់មហាជន និងសប្បុរសជន ដើម្បីធ្វើឱ្យគម្រោងនេះបន្តរទៅដោយជោគជ័យនៅឆ្នាំបន្តរបន្ទាប់ទៀត ។

To Top