គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ថា កាលពីថ្ងៃអង្គារ លោក Denys Shmyhal នាយករដ្ឋមន្ត្រីប្រទេសអ៊ុយក្រែន បានថ្លែងថា អ៊ុយក្រែនសង្ឃឹមថា នឹងបង្កើនការនាំចេញរបស់ខ្លួនតាមរយៈប្រទេសម៉ុលដាវី ក្រោយពីការសាងសង់ស្ពានថ្មីមួយឆ្លងទន្លេ Dniester នៅលើបន្ទាត់ព្រំដែនរួមគ្នា ។
លោក Shmyhal ត្រូវបានដកស្រង់សម្តីដោយសេវាកម្មសារព័ត៌មានរបស់រដ្ឋាភិបាលថា “អ្នកនាំចេញអ៊ុយក្រែននឹងមានមធ្យោបាយងាយស្រួលទៅកាន់អឺរ៉ុបភាគអាគ្នេយ៍ ហើយនឹងបង្កើនបរិមាណនៃការនាំចេញទំនិញរបស់ពួកគេ” ។
លោក Shmyhal បានថ្លែងថា ស្ពាននេះ ជាមួយនឹងការសាងសង់របស់វា ដែលត្រូវបានបញ្ជាក់ច្បាស់ដោយរដ្ឋាភិបាលអ៊ុយក្រែន នៅមុនថ្ងៃនោះ នឹងក្លាយជាធាតុសំខាន់នៃច្រករបៀងដឹកជញ្ជូនរវាង ក្រុងគៀវ និង Chisinau ។
លោកបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការនាំចេញកសិផលសម្រាប់ប្រទេសអ៊ុយក្រែន ដោយបានថ្លែងយ៉ាងដូច្នេះថា អ៊ុយក្រែន បានផ្គត់ផ្គង់ស្បៀងអាហារជាង៤០លានតោនទៅក្រៅប្រទេសក្នុងខែមករារហូតដល់ខែកក្កដាក្នុងឆ្នាំនេះ ។
គួររំលឹកថា កាលពីខែមិថុនា ប្រទេសអ៊ុយក្រែន និងប្រទេសម៉ុលដាវី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីសាងសង់ស្ពានដែលនឹងជំនួសសេវាកម្មសាឡាងនៅលើទន្លេ Dniester ។
គេបានដឹងថា ស្ពាននេះមានប្រវែង១.៤០០ម៉ែត្រនឹងមាន២គន្លងមានចិញ្ចើមផ្លូវទាំងសង្ខាង ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា