ភ្នំពេញ៖ លោក វ៉ាង យី សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញជំហប្ដេជ្ញា បន្តផ្ដល់ការគាំទ្រលើវិស័យសំខាន់ៗ របស់កម្ពុជា។
នៅក្នុងដំណើរទស្សនកិច្ច មុនរដ្ឋាភិបាលកម្ពុជាថ្មី លេចចេញជារូបរៀងជាផ្លូវការ ក្នុងជំនួបជាមួយ លោក ហោ ណាំហុង នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ លោក វ៉ាង យី បានគួសបញ្ជាក់ថា «ភាគីចិនបានបង្ហាញជំហប្ដេជ្ញា បន្តផ្ដល់ការគាំទ្រដល់កម្ពុជាលើវិស័យសំខាន់ៗ ដូចជា៖ ផលិតកម្ម កសិកម្ម ឧស្សាហកម្ម អគ្គិសនី អប់រំ និងសុខាភិបាល រួមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលរួមមានដូចជាការសាងសង់ផ្លូវល្បឿនលឿន បន្ថែមទៅបណ្ដាខេត្តសំខាន់ៗ ការអភិវឌ្ឍវិស័យទឹកកខ្វក់នៅខេត្តព្រះសីហនុ និងការអភិវឌ្ឍផ្លូវដែក តភ្ជាប់ទៅច្រករបៀងសេដ្ឋកិច្ចភាគខាងជើង និងតភ្ជាប់ទៅផ្លូវដែកថៃ-ឡាវជាដើម ជាពិសេសបន្តការជំរុញកិច្ចសហប្រតិបត្តិការ ក្រោមក្របខ័ណ្ឌនៃគណៈកម្មាធិការអន្តររដ្ឋាភិបាលកម្ពុជា-ចិន ឱ្យកាន់តែមានភាពរលូន និងនាំមកនូវគម្រោងសម្រាប់អភិវឌ្ឍវិស័យសំខាន់ៗ នៅកម្ពុជាបន្ថែមទៀត»។
ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានគូសបញ្ជាក់ផងដែរថា ចិនគឺជាមិត្តដែកថែប ហើយក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង មិត្តចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធដ៏ច្រើននៅកម្ពុជា ជាពិសេសថ្មីៗនេះ មានដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ការសិក្សាគម្រោងផ្លូវដែកនៅកម្ពុជា និងគម្រោងព្រែកជីកហ្វូណនតេជោជាដើម។
លោក ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយរបស់ភាគីចិន ដែលមានទឹកប្រាក់ប្រមាណ ៣០០លានយ័ន សម្រាប់គាំទ្រដល់ការអភិវឌ្ឍ និងស្ដារឡើងវិញវិស័យផ្លូវដែក នៅកម្ពុជាផងដែរ ជាពិសេសការជំរុញការកសាងផ្លូវដែកល្បឿនលឿនភ្ជាប់ភ្នំពេញ-ប៉ោយប៉ែត ទៅប្រទេសថៃ ឡាវ និងចិន។