វ៉ាស៊ីនតោន៖ ប្រតិចារិកសេតវិមាន ដែលចេញផ្សាយកាលពីថ្ងៃសុក្របានបង្ហាញថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានពណ៌នាប្រទេសចិនថាជា “គ្រាប់បែកពេលវេលា” នៅក្នុងតំបន់ជាច្រើន ដោយលើកឡើងពីបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច ដូចជាការងារខ្ពស់ និងកំណើនយឺត សូម្បីតែរដ្ឋបាលរបស់លោកព្យាយាមកាត់បន្ថយភាពតានតឹងជាមួយមហាអំណាចអាស៊ីក៏ដោយ។
លោក បៃដិន បានប្រាប់ព្រឹត្តិការណ៍រៃអង្គាសប្រាក់នយោបាយក្នុងរដ្ឋ Utah កាលពីថ្ងៃព្រហស្បតិ៍ថា “ចិនកំពុងមានបញ្ហា” ដោយលោកបានបន្ថែមថា “វាមិនល្អនោះទេ ព្រោះពេលមនុស្សអាក្រក់មានបញ្ហា គេធ្វើអាក្រក់”។
ការកត់សម្គាល់របស់លោកបានធ្វើឡើង បើទោះបីជាក្រុងវ៉ាស៊ីនតោន កំពុងមានការកើនឡើងនូវការផ្លាស់ប្តូរកម្រិតខ្ពស់នាពេលថ្មីៗនេះជាមួយទីក្រុងប៉េកាំង បន្ទាប់ពីភាពតានតឹងកើនឡើងជាច្រើនខែ ដោយភាគីទាំងពីរនឹងស្វែងរកកិច្ចប្រជុំកំពូល ដែលអាចធ្វើទៅបាននៅចុងឆ្នាំនេះរវាងលោក បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង ។
លោក បៃដិន កាលពីដើមសប្តាហ៍នេះ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណងទប់ស្កាត់ការវិនិយោគរបស់សហរដ្ឋអាមេរិកនៅក្នុងផ្នែកមួយចំនួន នៃវិស័យបច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន នៅក្នុងជំហានមួយទៀតដោយរដ្ឋបាលរបស់លោក ដើម្បីការពារទីក្រុងប៉េកាំង ពីការទទួលបានបច្ចេកវិទ្យារសើបដើម្បីធ្វើទំនើបកម្មយោធារបស់ខ្លួន។
នៅក្នុងព្រឹត្តិការណ៍រៃអង្គាសថវិកា លោក បៃដិន ក៏បានឲ្យដឹងផងដែរថា លោកមិនចង់ធ្វើឱ្យប្រទេសចិនឈឺចាប់ ដោយបង្ហាញពីក្តីសង្ឃឹមក្នុងការកសាងទំនាក់ទំនងទ្វេភាគីសមហេតុផល ជាមួយលោកស៊ី ជីនពីង។
ក្នុងអំឡុងពេល នៃការរៃអង្គាសថវិកាស្រដៀងគ្នានេះកាលពីខែមិថុនា លោក បៃដិន បានហៅលោក ស៊ី ជីនពីហ ថាជា “ជនផ្តាច់ការ” ដោយធ្វើឱ្យប្រទេសចិន ខឹងសម្បារ ដែលហៅភាសារបស់លោក បៃដិន ថា “ការបង្កហេតុខាងនយោបាយ”៕ ប្រែសម្រួល ឈូក បូរ៉ា