ព័ត៌មានអន្តរជាតិ

​អាមេរិក បញ្ជាក់ថា ​ជំនួប​កំពូល​ជាមួយ​ប្រទេស​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង ជាការបើកទំព័រសករាជ​ថ្មី នៃ​ទំនាក់ទំនង​ ៣ផ្លូវ

រូបភាពពី៖​ KYODO

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ជឿជាក់ថាកិច្ចប្រជុំកំពូល ដែលនឹងធ្វើឡើងនៅសប្តាហ៍នេះជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង នឹងក្លាយជាការបើកទំព័រ “យុគសម័យថ្មី” នៃកិច្ចសហប្រតិបត្តិការត្រីភាគីរបស់ពួកគេ ដោយមេដឹកនាំបានកំណត់ថា នឹងយល់ព្រមលើមធ្យោបាយ ដើម្បី “ពង្រឹងក្របខ័ណ្ឌស្ថាប័នបន្ថែមទៀត” ដែលមើលឃើញថា មានសារៈសំខាន់ សម្រាប់សន្តិភាព និងស្ថិរភាព នេះបើតាមលោក Antony Blinken រដ្ឋលេខាធិការក្រសួងការបរទេសអាមេរិក។

បន្ទាប់ពីកិច្ចប្រជុំតាមអ៊ិនធឺណិតជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុន និងកូរ៉េខាងត្បូង ដើម្បីរៀបចំ សម្រាប់កិច្ចប្រជុំកំពូលនៅថ្ងៃសុក្រ លោក Blinken បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា ជំហាននឹងរួមបញ្ចូលការទៀងទាត់ នៃកិច្ចប្រជុំកម្រិតខ្ពស់ផ្សេងៗ។ លោកបានហៅប្រទេសជប៉ុន និងកូរ៉េខាងត្បូងថា ជា “សម្ព័ន្ធមិត្តស្នូល” របស់សហរដ្ឋអាមេរិក មិនត្រឹមតែនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប៉ុណ្ណោះទេ “ប៉ុន្តែក៏នៅជុំវិញពិភពលោក” ផងដែរ។

លោកបានសង្កត់ធ្ងន់ថា លោក បៃដិន កំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល “ជាប្រវត្តិសាស្ត្រ” ជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ដោយចង្អុលបង្ហាញថា វានឹងជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៥ សម្រាប់មេដឹកនាំបរទេសមកទស្សនាជណរុំ Camp David នៅជិតទីក្រុងវ៉ាស៊ីនតោន។

យោងតាមមន្ត្រីបានឱ្យដឹងថា បន្ទាប់ពីកិច្ចប្រជុំកំពូល មេដឹកនាំទាំងបី គ្រោងនឹងចេញសេចក្តីថ្លែងការណ៍រួម និងឯកសារដាច់ដោយឡែកមួយ ដែលបង្ហាញពីគោលការណ៍នៃកិច្ចសហប្រតិបត្តិការត្រីភាគី។

ក្នុងជំនួបតាមអនឡាញលោក Blinken និងសមភាគីជប៉ុន និងកូរ៉េខាងត្បូងលោក Yoshimasa Hayashi និងលោក Park Jin បានព្រមព្រៀងគ្នាថា កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសទាំងបី កាន់តែមានសារៈសំខាន់ មិនត្រឹមតែក្នុងការឆ្លើយតបរបស់ពួកគេ ចំពោះកូរ៉េខាងជើងប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីជាប្រយោជន៍ដល់សន្តិភាព និងស្ថិរភាព​ នៅក្នុងពិភពលោក និងសម្រាប់ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហផងដែរ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top