ព័ត៌មានជាតិ

សម្ដេចតេជោ នឹងសរសេរសៀវភៅ រឿងរ៉ាវកើតឡើង តាំងពីឆ្នាំ១៩៧៧ រហូតមកដល់បច្ចុប្បន្ន

ភ្នំពេញ ៖ ក្រោយបញ្ចប់តំណែង ជានាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងរៀបរៀងសរសេរជាសៀវភៅមួយក្បាល ដោយរៀបរាប់ពីរឿងរ៉ាវកើតឡើង ទាក់ទងជាមួយវិវឌ្ឍន៍ ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតមកដល់បច្ចុប្បន្ន ។

ក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី២២ សីហានេះ សម្ដេចតេជោបញ្ជាក់ថា «សួរថាតើខ្ញុំធ្វើអ្វី កិច្ចការរបស់ខ្ញុំធំ គឺការសរសេរនូវអ្វីដែលជារឿង បានកើតឡើង ដែលយើងបានដឹង ខ្ញុំមិនចង់ស្លាប់ហើយយកទៅជាមួយនូវអាថ៌កំបាំងទេ ខ្ញុំមានរួចស្រេចទៅហើយ នូវការណ៍ដែលខ្ញុំបាននិយាយក្នុងវីដេអូឃ្លីប ចំនួនជាង៤០ម៉ោង ហើយត្រូវបានចម្លងចេញជាសៀវភៅ ប៉ុន្តែមានផ្នែកដែលខ្ញុំត្រូវយកវាមកលម្អិត ដូច្នេះខ្ញុំត្រូវធ្វើការងារទាក់ទងការចងក្រងឯកសារ ទាក់ទងជាមួយរឿងរ៉ាវវិវឌ្ឍន៍ ចាប់តាំងពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ រហូតមកដល់ពេលនេះ និងបន្តទៅទៀតដែលខ្ញុំត្រូវធ្វើ» ។

សម្ដេចបន្តថា គ្មានអ្នកណាស្គាល់ការងារសម្តេច និងសម្ដេច ជាងសម្ដេចនោះទេ ព្រោះត្រូវតែចងក្រងសៀវភៅ ដើម្បីទុកឲ្យក្មេងជំនាន់ក្រោយ អាចដឹងពីវិធីសាស្ត្រដឹកនាំ និងធ្វើការងារ ។

សម្ដេចតេជោបន្ថែមថា ជាមួយគ្នានេះដែរ មន្ត្រីគណបក្សប្រជាជនកម្ពុជា ត្រូវតែបានលើកកម្ពស់ នូវការចេះដឹងតាមរយៈការបើកវគ្គសិក្សា ។

សម្ដេចគូសបញ្ជាក់ថា «កន្លងទៅមានការបើកវគ្គសិក្សា ជាបន្តបន្ទាប់នៃមន្ត្រីគណបក្សប្រជាជន ក៏ប៉ុន្តែវគ្គសិក្សានោះ ខ្ញុំមិនបានចូលឧទ្ទេសនាមទេ ខ្ញុំគិតថាខ្ញុំនឹងចូលឧទ្ទេសនាម នៅពេលវគ្គខាងមុខនេះ ដោយមានមុខវិជ្ជាចំនួន៣ សម្រាប់ផ្ដល់នូវការត្រិះរិះពិចារណារបស់ពួកគេ» ។

មុខវិជ្ជាទាំង៣ដែលសម្ដេចរៀបរាប់នោះរួមមាន ៖ ទី១- សម្ភារៈនិយមវីចារវិទ្យា ដែលនេះជាចំណុចពិសេសខ្លាំងទៅលើបញ្ហាការត្រិះរិះពិចារណា , ទី២- សម្ភារៈនិយមប្រវត្តិសាស្ត្រ ព្រោះមនុស្សដែលគ្មានការចេះដឹង ឬតភ្ជាប់ប្រវត្តិសាស្រ្ត តែងតែគិតខុស និងទី៣- វិធីសាស្ត្រដឹកនាំ និងធ្វើការងារ ។

សម្ដេចតេជោលើកឡើងថា សម្ដេចមានគម្រោងរៀបចំការបណ្ដុះបណ្ដាលវគ្គខ្លីៗ ដល់មន្ត្រីគណបក្សប្រជាជន ដែលពីមុនសម្ដេចធ្លាប់បានចូលឧទ្ទេសនាម តែចាប់ពីពេលកាន់តំណែងនាយករដ្ឋមន្ត្រី គឺសម្ដេចមិនបានចូលឧទ្ទេសនាមទេ ប៉ុន្តែចាប់ពីពេលនេះទៅនឹងចូលឧទ្ទេសនាម ក្នុងឋានៈជាគ្រូនៃមន្ត្រីជាន់ខ្ពស់ ឬមន្ត្រីមធ្យម ។

ដោយឡែក សម្រាប់កិច្ចការសង្គម សម្ដេចតេជោថ្លែងថា សម្ដេចមិនបោះបង់ចោលនោះទេ ពោលកន្លែងកុមារកំព្រា សាកលវិទ្យាល័យ គឺសម្ដេចនៅតែបន្តជួយឧបត្ថម្ភ ជាពិសេសអ្វីដែលសម្ដេចអាចធ្វើបាន គឺនៅតែបន្តធ្វើកិច្ចការងារទាំងនេះ ៕

To Top