ព័ត៌មានអន្តរជាតិ

លោក បៃដិន គ្រោងបំពេញ ទស្សនកិច្ចទៅកាន់ឥណ្ឌា សម្រាប់កិច្ចប្រជុំកំពូល G20

ប្រភព៖ kyodo

វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ចូ បៃដិន នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី០៧ ខែកញ្ញា ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេស ចំនួន២០ ជាមួយនឹងផែនការផ្តោត ជាពិសេសលើការពង្រឹង ធនាគារអភិវឌ្ឍន៍ពហុភាគី ដើម្បីប្រឈមមុខ នឹងការអនុវត្តការផ្តល់ប្រាក់កម្ចី “មិនស្ថិតស្ថេរ” របស់ប្រទេសចិន។

ទីប្រឹក្សាសន្តិសុខជាតិ របស់លោក បៃដិន គឺលោក Jake Sullivan បានឲ្យដឹងថា ដំណើររបស់ប្រធានាធិបតី នឹងដំណើរការរហូតដល់ថ្ងៃទី១០ ខែកញ្ញា ក្នុងអំឡុងពេលនោះ លោកក៏នឹងរៀបចំកិច្ចប្រជុំទ្វេភាគីមួយចំនួន ជាមួយមេដឹកនាំមកពីប្រទេស ដែលមានសេដ្ឋកិច្ចធំបំផុត ទាំង២០ របស់ពិភពលោកនៅក្រៅ នៃកិច្ចប្រជុំកំពូលនៅទីក្រុងញូវដេលី ។

លោក Sullivan ក៏បានប្រាប់អ្នកសារព័ត៌មានផងដែរ នៅក្នុងការហៅ ទូរស័ព្ទក្នុងសន្និសិទថា អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris នឹងធ្វើទស្សនកិច្ចនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី រយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី០៤ ខែកញ្ញា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងកិច្ចប្រជុំទាក់ទងនឹងសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ផ្សេងទៀត ជំនួសលោក បៃដិន ។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូល G-20 អ្នកចូលរួមត្រូវបានគេរំពឹងថា នឹងដោះស្រាយបញ្ហាពិភពលោក ដូចជាការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់សេដ្ឋកិច្ចនៃសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន។ លោក Sullivan បានលើកឡើងថា លោក បៃដិន ក៏នឹងចូលរួមក្នុងការធ្វើទំនើបកម្មនៃស្ថាប័នអភិវឌ្ឍន៍ពហុភាគី រួមទាំងធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិផងដែរ ដោយសារទំហំនៃការផ្តល់ប្រាក់កម្ចីដោយបង្ខិតបង្ខំ និងគ្មាននិរន្តរភាពរបស់ប្រទេសចិន តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។

លោកបន្ថែមថា “យើងបានឮយ៉ាងច្បាស់ថា ប្រទេសនានាចង់ឱ្យយើងបង្កើនការគាំទ្រ របស់យើងនៅពេលប្រឈមមុខនឹង បញ្ហាត្រួតស៊ីគ្នាដែលពួកគេប្រឈមមុខ ដូច្នេះនៅពេលយើងបន្តពង្រីកការគាំទ្រ ដ៏សំខាន់ដល់អ៊ុយក្រែន យើងនឹងផ្តល់សម្រាប់ពិភពលោក ទាំងមូលផងដែរ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top