ប៉ៃលិន៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ម៉េង ហុង អគ្គនាយក ប.ស.ស. ស្ដីទី នាដើមសប្ដាហ៍នេះ ក្រោមការជួយសម្របសម្រួលពី លោក រាម សុមិត្រ ប្រធានសាខា ប.ស.ស. ខេត្តប៉ៃលិន ក្រុមការងារយកព័ត៌មាន នៃ ប.ស.ស. បានចុះធ្វើបទសម្ភាសន៍បងប្អូនអាជីវករដោយផ្ទាល់ នៅផ្សារប៉ាហ៊ី និងបានចុះទៅដល់ទីតាំងផ្ទះ របស់សមាជិក ប.ស.ស. ជាស្រ្ដីសម្រាលកូន និងសមាជិក ប.ស.ស. ដែលរងគ្រោះថ្នាក់ការងារ រហូតធ្លាក់ខ្លួនពិការ ព្រមទាំងសមាជិក ប.ស.ស. ដទៃទៀត ដែលកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យផងដែរ។
តាមរយៈការចុះទៅជួបសម្ភាសន៍ផ្ទាល់ខាងលើ បងប្អូនអាជីវករជាច្រើនរូប ដែលលក់ដូរនៅក្នុងផ្សារប៉ាហ៊ី (ផ្សារក្រោម) ស្ថិតនៅក្រុងប៉ៃលិន បានបង្ហាញទឹកចិត្ត សប្បាយរីករាយយ៉ាងខ្លាំង ចំពោះគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាល ដែលអាចឱ្យពួកគាត់ចុះឈ្មោះ ដើម្បីទទួលបានប័ណ្ណ ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ នឹងទទួលបានអត្ថប្រយោជន៍ ពីរបបសន្ដិសុខសង្គម ហើយបងប្អូនអាជីវករនៅទីនោះ បានប្តេជ្ញាថានឹងមកចុះឈ្មោះជាមួយ ប.ស.ស. ដើម្បីទទួលបានការធានារ៉ាប់រង នៅពេលពួកគាត់ឈឺ ឬគ្រោះថ្នាក់ផ្សេងៗ។
លោក រាម សុមិត្រ ប្រធានសាខា ប.ស.ស. ខេត្តប៉ៃលិន ក៏បានឱ្យដឹងដែរថា៖ ក្នុងខេត្តប៉ៃលិន គិតរហូតមកដល់ពេលនេះ មានបងប្អូនប្រជាពលរដ្ឋ ជាបុគ្គលស្វ័យនិយោជន៍ បានមកចុះបញ្ជីជាមួយ ប.ស.ស. សរុបប្រមាណជាង ១០០នាក់ហើយ និងមានបងប្អូនប្រជាពលរដ្ឋ ជាបុគ្គលស្វ័យនិយោជន៍ដទៃទៀត ក៏កំពុងត្រៀមខ្លួនមកចុះបញ្ជីផងដែរ។ នេះសបញ្ជាក់ឱ្យឃើញថា បងប្អូនពលរដ្ឋភាគច្រើន បានយល់កាន់តែច្បាស់ អំពីការទទួលបានការគាំរពារសុខភាព តាមរយៈ ការចុះផ្សព្វផ្សាយដោយផ្ទាល់ និងបានពន្យល់យ៉ាងច្បាស់ អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម។
ក្រៅតែពីបងប្អូនប្រជាពលរដ្ឋ ជាបុគ្គលស្វ័យនិយោជន៍ខាងលើ សមាជិក ប.ស.ស. ជាស្រ្តីសម្រាលកូនជាច្រើនរូប ក៏ដូចជាសមាជិក ប.ស.ស. ជាជនរងគ្រោះថ្នាក់ការងារដទៃទៀត ក៏បានបង្ហាញអារម្មណ៍យ៉ាងកក់ក្តៅ ចេញពីក្រអៅបេះដូង ដោយអរគុណដល់ ប.ស.ស. យ៉ាងខ្លាំងដែលបានជួយសម្រាលទុកលំបាករបស់គាត់ ក្នុងការចំណាយថ្លៃសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ ថែមទាំងផ្តល់ប្រាក់ឧបត្ថម្ភ ជូនពួកគាត់ផងដែរ។
ពាក់ព័ន្ធទៅនឹងការផ្តល់អត្ថប្រយោជន៍ របបសន្តិសុខសង្គមជាច្រើន ជូនសមាជិកខាងលើ ប្រធានសាខា ប.ស.ស. ខេត្តប៉ៃលិន បានបញ្ជាក់ឱ្យដឹងថា៖ ចាប់តាំងពីពេលអនុវត្ត របបសន្ដិសុខសង្គម រហូតមកដល់បច្ចុប្បន្ន ប.ស.ស. ខេត្តប៉ៃលិន បានផ្ដល់តាវកាលិកដល់សមាជិក ប.ស.ស. ប្រមាណជាង ៩០០ករណី ដែលក្នុងនោះ រងគ្រោះថ្នាក់ការងារចំនួន ៤០០ករណី ផ្នែកថែទាំសុខភាពសរុប ៥០៤ករណី ក្នុងនោះសម្រាប់ប្រាក់ឧបត្ថម្ភ រាជរដ្ឋាភិបាល សម្រាប់កម្មករនិយោជិតជាស្ត្រី បានបើកផ្ដល់ជូនម្ដាយចំនួន ៤៥៩នាក់ ដែលមានចំនួនកូន ៤៦០នាក់៕