បរទេស៖ ភ្លៀងធ្លាក់ខ្លាំងបំផុត មិនធ្លាប់មានអស់រយៈពេល ១៤០ ឆ្នាំ បានវាយប្រហារមកលើមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីនៅហុងកុង នៅថ្ងៃសុក្រ ដោយបានបណ្តាលឱ្យមនុស្សពីរនាក់ស្លាប់ និងជាង ១០០នាក់រងរបួស។ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា អាកាសធាតុសើមខុសពីធម្មតាដែលបង្កឡើងដោយព្យុះទីហ្វុងបាននាំមកនូវការរំខានបន្ថែមទៀតដល់ភាគខាងត្បូងប្រទេសចិន។
យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា វីដេអូបានបង្ហាញពីទឹកហូរចុះពីលើភ្នំដ៏ចោតក្នុងអតីតអាណានិគមអង់គ្លេស ជន់លិចផ្លូវតូចចង្អៀត និងលិចផ្សារទំនើប ស្ថានីយ៍រថភ្លើងក្រោមដី និងផ្លូវរូងក្រោមដី។
អាកាសធាតុអាក្រក់នេះក៏បាននាំមកនូវភាពចលាចលដល់ទីក្រុង Shenzhen របស់ចិនដែលនៅជិតនោះ ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាដែលមានមនុស្សជាង ១៧,៧ លាននាក់ ជាមួយនឹងទំនាក់ទំនងពាណិជ្ជកម្ម និងការដឹកជញ្ជូនឆ្លងកាត់តំបន់ដីសណ្តទន្លេ Pearl River ដ៏មានសារៈសំខាន់ខាងសេដ្ឋកិច្ចបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
ជំនួយការគិលានុបដ្ឋាយិកាហុងកុង Connie Cheung អាយុ ៦៥ ឆ្នាំបាននិយាយថា “ខ្ញុំមិនដែលឃើញភ្លៀងខ្លាំងបែបនេះពីមុនមកទេ។ សូម្បីតែក្នុងអំឡុងពេលព្យុះទីហ្វុងមុនៗ វាមិនដែលមានកម្រិតធ្ងន់ធ្ងរទេ។ វាពិតជាគួរឱ្យខ្លាចណាស់” ។
ភ្លៀងធ្លាក់ខ្លាំងត្រូវបាននាំមកដោយព្យុះទីហ្វុង Haikui ដែលបានបោកបក់នៅខេត្ត Fujian របស់ប្រទេសចិនកាលពីថ្ងៃអង្គារ។ ទោះបីជាក្រោយមកវាបានចុះខ្សោយទៅជាទំនាបត្រូពិចក៏ដោយ ក៏ពពកដែលផ្លាស់ទីយឺតបានទម្លាក់បរិមាណទឹកភ្លៀងដ៏ច្រើនទៅលើតំបន់ដែលនៅតែមានភ្លៀងធ្លាក់ពីព្យុះទីហ្វុងមួយកាលពីសប្តាហ៍មុន៕
ប្រែសម្រួលៈ ណៃ តុលា
