ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នារសៀលថ្ងៃទី២ វិច្ឆិកា នេះ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា លោកស្រី ស៊ីលឃ័រ រើហ៊្វ័រ (Silke Röfer) ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា បានប្តេជ្ញាចិត្តខ្ពស់លើកិច្ចការការពារបរិស្ថាន ការគ្រប់គ្រងសំណល់ និងការប្រែប្រួលអាកាសធាតុ។
លោកស្រី ឯកអគ្គរដ្ឋទូត បានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពនៃការអនុវត្តយុទ្ធនាការកាត់បន្ថយសំណល់ប្លាស្ទិកនៅកម្ពុជា ដែលបច្ចុប្បន្នត្រូវបានប្រែក្លាយពីយុទ្ធនាការធម្មតា ឱ្យទៅជាចលនារួមចំណែករបស់សង្គមជាតិទាំងមូល និងឆ្ពោះទៅរកការបង្កើតជាទម្លាប់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បន្ថែមពីលើនេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រច្បាស់លាស់ក្នុងការគ្រប់គ្រងសំណល់នៅតាមទីលានចាក់សំរាម និងការជំរុញការវិនិយោគលើវិស័យថាមពលចេញពីសំណល់ (Waste-to-Energy) ដើម្បីឈានទៅកាត់បន្ថយសំណល់ឱ្យនៅកម្រិតទាបបំផុត។
ស្របនឹងការលើកឡើងនេះ លោក រដ្ឋមន្រ្តី ក៏បានលើកឡើងពីបញ្ហាសំណល់ វិបត្តិអាកាសធាតុ និងបាតុភូតអែលនីញ៉ូ (El Niño) មកពិភាក្សាផងដែរ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន បានបង្ហាញពីការត្រៀមលក្ខណៈសម្បទា និងផែនការអន្តរាគមន៍បន្ទាន់ តាមរយៈការធានាប្រភពទឹកស្អាតសម្រាប់សហគមន៍នៅតាមតំបន់ការពារធម្មជាតិ ការរក្សាលំនឹងប្រភពទឹកសម្រាប់សត្វព្រៃ និងការដាក់ចេញនូវវិធានការទប់ស្កាត់គ្រោះហន្តរាយភ្លើងព្រៃដែលបង្កឡើងដោយការឡើងកំដៅផែនដី។
បន្ថែមពីនេះ ក្រសួងបរិស្ថាន បានផ្តោតសំខាន់យ៉ាងខ្លាំងលើការបណ្តុះស្មារតីយុវជន និងកុមារតាមរយៈសាលារៀន ឱ្យមានការស្រឡាញ់អនាម័យ និងធម្មជាតិ ព្រមទាំងការចូលរួមដាំដើមឈើដើម្បីកសាងវប្បធម៌ស្រឡាញ់ព្រៃឈើ និងបរិស្ថានតាំងពីវ័យកុមារ។
សូមរំលឹកថា កិច្ចសហការគ្នារវាងកម្ពុជា និងភាពជាដៃគូអន្តរជាតិនេះ រំពឹងថានឹងបន្តផ្តល់នូវកម្លាំងចលករថ្មីៗបន្ថែមទៀត ក្នុងការជំរុញគោលនយោបាយជាតិអព្យាក្រឹតកាបូន និងការកសាងអនាគតកម្ពុជាឱ្យស្អាត បៃតង និងមានចីរភាព៕
