ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុ​ន ប្តេជ្ញារុះរើគណៈរដ្ឋមន្ត្រីនៅថ្ងៃទី១៣ ខែកញ្ញា

រូបភាពពី៖​ Kyodo

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកនឹងរុះរើគណៈរដ្ឋមន្ត្រីរបស់លោក និងការដឹកនាំរបស់គណបក្សសេរីនិយម ដែលកំពុងកាន់អំណាចនៅព្រឹកថ្ងៃពុធខាងមុខនេះ ដោយមិនបានបញ្ជាក់លម្អិតអំពីព័ត៌មានលម្អិត​នោះទេ។

នៅក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការបញ្ចប់នៃកិច្ចប្រជុំកំពូលក្រុមប្រទេសទាំង២០ នៅទីក្រុងញូវដេលី លោក គីស៊ីដា បានសន្យាថា រដ្ឋាភិបាលរបស់លោកនឹងដាក់ “អាទិភាពកំពូល” លើការគូសវាស “វិធានការសេដ្ឋកិច្ចយ៉ាងហ្មត់ចត់ និង ​អនុវត្តយ៉ាងរហ័ស​នៅក្រោមរដ្ឋបាលថ្មី។

ទន្ទឹមនឹងនោះលោក គីស៊ីដា មិនបានបញ្ជាក់អំពីពេលដែលរដ្ឋាភិបាលនឹងកោះហៅសម័យប្រជុំសភាវិសាមញ្ញ ដែលរំពឹងថា នឹងត្រូវកោះប្រជុំនៅរដូវស្លឹកឈើជ្រុះ និងថាតើលោក កំពុងពិចារណារំលាយសភាតំណាងរាស្រ្តសម្រាប់ការបោះឆ្នោតមួយនាពេលខាងមុខ ឬយ៉ាងណា។

អ្នកជំនាញនយោបាយបានឲ្យដឹងថា ការរុះរើនាពេលខាងមុខ គឺសំដៅធ្វើឲ្យរូបភាពនៃរដ្ឋបាលលោក គីស៊ីដា មានភាពស្រស់ថ្លាឡើងវិញ ខណៈដែលការវាយតម្លៃការអនុម័ត សម្រាប់គណៈរដ្ឋមន្ត្រីរបស់លោកនៅមានភាពយឺតយ៉ាវ ដោយសារផ្នែកខ្លះនៃបញ្ហាទាក់ទងនឹងប្រព័ន្ធកំណត់អត្តសញ្ញាណជាតិ​។

ទាក់ទងនឹងកញ្ចប់សេដ្ឋកិច្ច ដែលរំពឹងទុកក្នុងគោលបំណងដោះស្រាយការឡើងថ្លៃនោះ លោក គីស៊ីដា បានលើកឡើងថា “ខ្ញុំចង់អនុវត្តផែនការដិតជាមួយនឹងការគាំទ្រថវិកាគ្រប់គ្រាន់ ដើម្បីការពារជីវភាពរស់នៅរបស់ប្រជាជន ដោយបង្កើត ​ការដំឡើងប្រាក់ឈ្នួល និងការពង្រីកការវិនិយោគ”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top