ព័ត៌មានជាតិ

ជប៉ុន​ ចាប់អារម្មណ៍លើការ ផលិតទំនិញកែច្នៃ​ និងការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅកម្ពុជា

ភ្នំពេញ​ ៖​ សហគ្រាសធុនតូច និងមធ្យម​ (SMEs)​ របស់ជប៉ុនចាប់អារម្មណ៍លើការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅកម្ពុជា​ ដោយផ្តោតលើសេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល​ ព្រមទាំងសេវាកម្មផ្សេងៗទៀត។

ក្នុងជំនួបពិភាក្សាការងាររវាង​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​ និងលោក​ តាកាហាស៊ី ហ្វូមីអាគី ប្រធានសមាគមជប៉ុន-កម្ពុជា​ និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព​ ភាគីទាំងពីរ​ បានពិភាក្សាទៅលើ កិច្ចសហប្រតិបត្តិការវាងកម្ពុជា-ជប៉ុន ជាពិសេស ក្នុងទិដ្ឋភាពនៃការធ្វើធុរកិច្ច និងឱកាសសម្រាប់ការវិនិយោគនៅកម្ពុជា។

ជាក់ស្តែង​ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ បានជម្រាបជូនអំពីវឌ្ឍនភាពវិជ្ជមានជាច្រើនដែលកម្ពុជាសម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងនេះ, ជាពិសេស, ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ដែលកម្ពុជាបានដាក់ចេញនូវច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងអនុក្រឹត្យសម្រាប់ការអនុវត្តច្បាប់នេះ ដែលបានចែងយ៉ាងច្បាស់អំពីយន្តការលើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់ ព្រមទាំងគោលនយោបាយអនុគ្រោះ និងកិច្ចសម្របសម្រួលផ្សេងៗ សម្រាប់ការវិនិយោគក្នុងវិស័យអាទិភាព។

ជាមួយនឹងការកំណត់ក្របខ័ណ្ឌគតិយុត្ត និងយន្តការជាក់លាក់​ លោក តាកាហាស៊ី ហ្វូមីអាគី បានបង្ហាញនូវជំនឿយ៉ាងមុតមាំថា វិនិយោគិនជប៉ុន ជាពិសេសសហគ្រាសធុនតូច និងមធ្យម (SMEs) នឹងចាប់អារម្មណ៍លើការវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

ទន្ទឹមនេះ​ លោក​ តាកាហាស៊ី ហ្វូមីអាគី បានគោរពជម្រាបជូន សម្ដេចធិបតី អំពីចំណាប់អារម្មណ៍របស់ SMEs ជប៉ុន ចំពោះវិស័យសំខាន់ៗចំនួន២​ រួមមាន៖​ ទី១-ការផលិតទំនិញកែច្នៃ ដែលប្រើប្រាស់វត្ថុធាតុដើមកម្ពុជា និងបច្ចេកវិទ្យាទំនើបជប៉ុន ដើម្បីផលិតជាផលិតផលសម្រេច សម្រាប់នាំចេញ និងទី២-ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដោយផ្តោតលើ៖ សេវាបដិសណ្ឋារកិច្ច, មេកានិក យានយន្ត (សេវាជួសជុលរថយន្តជប៉ុន), ការតុបតែង និងកែសម្ផស្ស, សេវាថែទាំអ្នកជំងឺ-មនុស្សចាស់ និងជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល។

ជាការឆ្លើយតប​ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត​ បានវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍នៃការវិនិយោគក្នុងវិស័យ ដែលកម្ពុជាកំពុងមានតម្រូវការ ហើយវិស័យទាំងនេះក៏មានសង្គតិភាពទៅនឹងក្របខ័ណ្ឌគោលនយោបាយ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដូចជា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាដើម។

ក្នុងន័យនេះ សម្ដេចធិបតី ជំរុញឱ្យសមាគមធុរកិច្ចជប៉ុន សហការ និងបង្កើនទំនាក់ទំនងការងារ ជាមួយភាគីពាក់ព័ន្ធរបស់កម្ពុជា ដើម្បីសម្រេចឱ្យបាននូវវត្ថុបំណងទាំងនេះ ហើយ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំផ្ទាល់របស់ សម្ដេចធិបតី បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្របសម្រួល សហការ និងគាំទ្រធុរកិច្ចជប៉ុន តាមរយៈគោល នយោបាយ និងកញ្ចប់លើកទឹកចិត្តដ៏ទាក់ទាញ និងជាក់លាក់៕

To Top