តូក្យូ៖ រដ្ឋមន្ត្រីការបរទេស នៃក្រុមប្រទេសឧស្សាហកម្មទាំង៧ បានថ្កោលទោសរុស្ស៊ី កាលពីថ្ងៃអង្គារសម្រាប់ការបោះឆ្នោតនៅក្នុងតំបន់អ៊ុយក្រែន ដែលទីក្រុងម៉ូស្គូ បានកាន់កាប់ដោយខុសច្បាប់ ដែលជាផ្នែកមួយនៃការបោះឆ្នោតក្នុងស្រុកបង្រួបបង្រួមរបស់ប្រទេស។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើង ថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការរៀបចំការបោះឆ្នោតក្លែងក្លាយ ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី” នៅក្នុងតំបន់ Donetsk, Kherson, Luhansk និង Zaporizhzhia ក៏ដូចជានៅឧបទ្វីបគ្រីមៀ សេចក្តីថ្លែងការណ៍បានឲ្យដឹង ដោយសំដៅទៅលើការប្រកួតប្រជែង ដែលធ្វើឡើងមុនការបោះឆ្នោតប្រធានាធិបតីនៅខែមីនា ឆ្នាំ២០២៤។
គណបក្សកាន់អំណាចក្រោមរដ្ឋាភិបាលរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានអះអាងការឈ្នះភ្លូកទឹកភ្លូកដីនៅក្នុងទីក្រុងមូស្គូ និងតំបន់ផ្សេងទៀត រួមទាំងតំបន់អ៊ុយក្រែនទាំង៤ ដែលរុស្ស៊ីបានប្រកាសបញ្ចូលបន្ទាប់ពីការឈ្លានពានរបស់ខ្លួន ដែលបានចាប់ផ្តើមកាលពីខែកុម្ភៈឆ្នាំមុន ហើយរុស្ស៊ីបានដណ្តើមយកគ្រីមៀក្នុងឆ្នាំ២០១៤។
រដ្ឋមន្ត្រីការបរទេសមកពីប្រទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន និងសហរដ្ឋអាមេរិក បានឲ្យដឹងថា តំបន់ទាំង ៥ខាងលើនេះ គឺជាផ្នែកមួយ នៃប្រទេសអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យដូជប៉ុន។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា “យើងនឹងមិនទទួលស្គាល់ការទាមទារខុសច្បាប់របស់រុស្ស៊ី ចំពោះអធិបតេយ្យភាពអ៊ុយក្រែនឡើយ ហើយអំពាវនាវឱ្យរដ្ឋទាំងអស់បដិសេធជាដាច់ខាត”៕ ប្រែសម្រួល ឈូក បូរ៉ា