ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន គ្រោងនឹងដាក់ឲ្យប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ ជាបណ្ដោះអាសន្ន នៅថ្ងៃទី ២៧តុលា ឆ្នាំ២០២៣ខាងមុខនេះ ។
ការលើកឡើង របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្វើឡើងក្នុងឱកាសលោកអញ្ជើញអធិបតីភាព ក្នុងពិធីតភ្ជាប់តួស្ពាន នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ ត្រង់ចំណុចស្ពានបេតុងខ្សែកាប ត្រើយខាងលិច(កោះពេជ្រ) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
លោក ឃួង ស្រេង បានលើកឡើងថា ការដាក់ឲ្យជាប្រើប្រាស់ ជាបណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញ និងស្នើសុំទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីអញ្ជើញសម្តេច ជាអធិបតីភាព ក្នុងពិធីដាក់ឲ្យធ្វើរាចរណ៍ លើស្ពាននេះជាបណ្តោះអាសន្ន អបអរសាទរបុណ្យអុំទូកបណ្ដែត ប្រទីប សំពះព្រះខែ ។
លោកអភិបាលរាជធានីភ្នំពេញ បន្តថា ការបើកឱ្យដំណើរការធ្វើចរាចរណ៍ នៅស្ពានខាងលើនេះនឹងកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍ នៅចំណុចស្ពានព្រះមុនីវង្ស។
លោកឃួង ស្រេង បានបញ្ជាក់ថា ជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ នឹងកសាងស្ពានឆ្លងកាត់ទន្លេមួយកន្លែងទៀត នៅចំណុចព្រែកប្រា ឆ្លងទៅផ្លូវ៦០ម៉ែត្រឆ្ពោះទៅ តំបន់អភិវឌ្ឍន៍ជើងឯក បន្តទៅផ្លូវលេខ២១៧ ប៉ុន្តែគម្រោងនេះ កំពុងសិក្សា ជាមួយនឹងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តែជាជំហានដែលត្រូវអនុវត្តនឹងរុះរើស្ពានបាឡេនៅខណ្ឌឬស្សីកែវ មកធ្វើស្ពាន នៅចំណុចព្រែកប្រាខាងលើនេះ ជាបណ្តោះអាសន្ន ដើម្បីដោះស្រាយការកកស្ទះ។
ក្នុងនោះដែរ តំណាងក្រុមហ៊ុន OCIC ដែលទទួលការសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ខាងលើនេះ បានបញ្ជាក់ថា ស្ពានបេតុងខ្សែកាបកោះនរា ភ្ជាប់ពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរានេះ គិតមកដល់ពេលនេះ ការស្ថាបនាសម្រេចប្រមាណ៩៣%ហើយ ដោយគ្រោងនឹងបញ្ចប់ នៅមុនព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ។
គួរបញ្ជាក់ថា ស្ពានបេតុងខ្សែកាបកោះនរា មានប្រវែង ៨២៤ម៉ែត្រ និងទទឹង ២៤ ,៥០ម៉ែត្រ ហើយមាន៤គន្លង គឺ២គន្លងសម្រាប់រថយន្ត ១គន្លងសម្រាប់ម៉ូតូ និង១គន្លងទៀត សម្រាប់អ្នកថ្មើជើង។ស្ពាននេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តាមការប៉ាន់ស្មានត្រូវប្រើពេល៣៥ខែ ដើម្បីស្ថាបនា និងចំណាយទុនវិនិយោគ ៣៨លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ក្រោមការគ្រប់គ្រងរបស់រដ្ឋបាលរាជធានីភ្នំពេញ៕