ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តី​ វៀតណាម ជួបជាមួយអនុប្រធាន ក្រុមហ៊ុន Apple និងប្រធានគ្រប់គ្រង កិច្ចការរបស់ Google

ប្រភព ៖ VnExpress

បរទេស ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានជំរុញ ឱ្យក្រុមហ៊ុន Apple ធ្វើឱ្យប្រទេសវៀតណាម ក្លាយជាផ្នែកមួយដ៏សំខាន់ នៃខ្សែសង្វាក់ផ្គត់ផ្គង់ និងផលិតកម្មរបស់ខ្លួន និងលើកកម្ពស់សមត្ថភាព អាជីវកម្មក្នុងស្រុក។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំជាមួយអនុប្រធាន Apple ផ្នែកគោលនយោបាយសកលលោក Nick Ammann កាលពីថ្ងៃព្រហស្បតិ៍ (ម៉ោងនៅសហរដ្ឋអាមេរិក) នៅទីក្រុងញូវយ៉ក លោក ផាម មិញជិញ បានអញ្ជើញក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក ដើម្បីពង្រីកការវិនិយោគ របស់ខ្លួននៅក្នុងប្រទេសវៀតណាម និងដើរតួជាស្ពាន រវាងប្រទេសទាំងពីរ ដូច្នេះក្រុមហ៊ុនអាមេរិក ជាច្រើនទៀតនឹងចាក់បញ្ចូលលុយ របស់ពួកគេចូលវៀតណាម។

លោកក៏បានជំរុញ Apple ឱ្យជួយក្រុមហ៊ុនវៀតណាមបង្កើនសមត្ថភាពផលិត និងបណ្តុះបណ្តាលបុគ្គលិកវៀតណាមក្នុងបច្ចេកវិទ្យាខ្ពស់ផងដែរ។ លោក ផាម មិញជិញ ចង់ឱ្យ Apple ពិគ្រោះជាមួយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ ក្នុងការកសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ ដោយផ្តោតលើការច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល ។

លោក Ammann អនុប្រធានក្រុមហ៊ុន Apple បាននិយាយថា ប្រទេសវៀតណាមគឺជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់របស់ក្រុមហ៊ុន Apple ។ លោកបន្តថា ក្រុមហ៊ុនសូមកោតសរសើរចំពោះការគាំទ្ររបស់រដ្ឋាភិបាល ជាពិសេសក្នុងពេលមានជំងឺរាតត្បាត។

ក្រុមហ៊ុនចាប់អារម្មណ៍លើថាមពលស្អាត ហើយចង់ឱ្យអ្នកផ្គត់ផ្គង់របស់ខ្លួន នៅក្នុងប្រទេសវៀតណាម មានលទ្ធភាពទទួលបានថាមពលស្អាត។ Apple ក៏ចង់ជួយអភិវឌ្ឍធនធានមនុស្សវៀតណាម ជាពិសេសក្នុងការអភិវឌ្ឍន៍កម្មវិធី software ។

នៅប្រទេសវៀតណាម រោងចក្រចំនួន 32 ជាកម្មសិទ្ធិរបស់អ្នកផ្គត់ផ្គង់របស់ Apple ហើយរោងចក្រទាំងនោះបាននាំចេញផលិតផលមានតម្លៃ ៣០ ពាន់លានដុល្លារកាលពីឆ្នាំមុន។

នាយករដ្ឋមន្ត្រីវៀតណាម ក៏បានជួបជាមួយ Karan Bhatia ដែលជាប្រធានកិច្ចការរដ្ឋាភិបាល និងគោលនយោបាយសាធារណៈរបស់ Google ទូទាំងពិភពលោក។ លោក Bhatia បាននិយាយថា លោកបានវាយតម្លៃខ្ពស់ចំពោះយុទ្ធសាស្ត្ររបស់វៀតណាម និងសហរដ្ឋអាមេរិក បន្ទាប់ពីប្រទេសទាំងពីរបានបង្កើតភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ៕
ប្រែសម្រួលៈ ណៃ តុលា

To Top