ព័ត៌មានអន្តរជាតិ

វេណេស៊ុយអេឡា អំពាវនាវឲ្យមានពហុភាគីនិយម​ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល

រូបភាពពី៖​ XINHUA

ការ៉ាកាស៖ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា លោក Yvan Gil ​បានអំពាវនាវឱ្យមាន “ពហុភាគីនិយមរួមបញ្ចូល លទ្ធិប្រជាធិបតេយ្យនៃទំនាក់ទំនងអន្តរជាតិ និងពហុភាគី” ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល។

នៅក្នុងសុន្ទរកថារបស់លោកនៅឯកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លោក Gil បានលើកឡើងថា ចាំបាច់ត្រូវធ្វើកំណែទម្រង់អង្គការសហប្រជាជាតិ ដើម្បីធ្វើឱ្យវាក្លាយជាស្ថាប័នប្រជាធិបតេយ្យ ដែលសមាជិកទាំងអស់មានសំឡេង។

លោកបានបន្ដថា វាមានភាពចាំបាច់ដូចគ្នាក្នុងការជំរុញកំណែទម្រង់នៃក្រុមប្រឹក្សាសន្តិសុខ ដើម្បីកែតម្រូវអតុល្យភាពជាប្រវត្តិសាស្ត្រ និងផ្តល់នូវតំណាងកាន់តែច្រើនដល់អាហ្វ្រិក។ លោកក៏បានអំពាវនាវឱ្យមានការកែទម្រង់ស្ថាបត្យកម្មហិរញ្ញវត្ថុអន្តរជាតិ ដែលបម្រើផលប្រយោជន៍នៃប្រទេសអ្នកមានមួយចំនួនតូច។

លោក Gil បានបន្ថែមថា វិបត្តិភាពជាអ្នកដឹកនាំពិភពលោកបច្ចុប្បន្ន រួមទាំងនៅក្នុងអង្គការសហប្រជាជាតិ គួបផ្សំនឹងភាពរាងប៉ូលនៃពិភពលោក គំរាមកំហែងដល់ការពង្រឹងស្មារតីនៃសង្រ្គាមត្រជាក់នៅក្នុងទំនាក់ទំនងអន្តរជាតិ។

ឧទាហរណ៍មួយ គឺជាការញុះញង់ ដែលមិនទទួលខុសត្រូវដោយកម្លាំងយោធាដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក ដែលតាមរយៈការបែងចែកពិភពលោកទៅជាប្លុកអំណាច នាំមនុស្សជាតិ ចូលទៅក្នុងការប្រណាំងអាវុធ ដែលអាចនាំឱ្យមានការបំផ្លិចបំផ្លាញជីវិតនៅលើភពផែនដី។ ​

និយាយអំពីការដាក់ទណ្ឌកម្មខុសច្បាប់នៃវិធានការបង្ខិតបង្ខំឯកតោភាគី លោកបានលើកឡើងថា ការដាក់ទណ្ឌកម្ម គឺជាការរំលោភសិទ្ធិមនុស្សដ៏ធំសម្រាប់មនុស្សរាប់លាននាក់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានកត់សម្គាល់ថា វិធានការទាំងនេះត្រូវបានអនុវត្តយ៉ាងជាក់លាក់ដោយអ្នកដែលបង្ហាញខ្លួនឯងថាជាជើងឯកសិទ្ធិមនុស្ស។ លោកបាន​បន្ដថា “វេណេស៊ុយអេឡា ទាមទារឱ្យមានការបញ្ចប់ទាំងស្រុងភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ ចំពោះគោលនយោបាយខុសច្បាប់ទាំងអស់នៃទណ្ឌកម្ម និងការបិទផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុ”។

លោកបានបញ្ជាក់បន្ថែមថា ប្រទេសវេណេស៊ុយអេឡា ស្នើបង្កើត “តំបន់គ្មានវិធានការបង្ខិតបង្ខំឯកតោភាគី” ដែលប្រទេសនានា អាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងការទូទាត់អន្តរធនាគារដោយគ្មានហានិភ័យនៃការរារាំងតាមអំពើចិត្តដោយមហាអំណាចលោកខាងលិច៕ ប្រែសម្រួឡ ឈូក បូរ៉ា

To Top