បរទេស៖ ពិធីប្រគល់អគារបណ្ឌិត្យសភានយោបាយ នៃសន្តិសុខសាធារណៈរបស់ប្រជាជនឡាវ ដែលជាអំណោយរបស់វៀតណាមសម្រាប់ឡាវ បានប្រព្រឹត្តទៅនៅទីក្រុងវៀងចន្ទន៍កាលពីថ្ងៃសុក្រ។
យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ជាមួយនឹងការសាងសង់បានចាប់ផ្តើមនៅក្នុងរដ្ឋធានីឡាវនៅថ្ងៃទី២៥ ខែសីហាឆ្នាំមុន សាលាបណ្ឌិតសភាដែលមានផ្ទៃដី ៦,៥ហិកតា ដែលមានតម្លៃ ២៥០ ពាន់លានដុង ប្រហែល ១០,២៨ លានដុល្លារអាមេរិក មានគោលបំណងបំពេញតម្រូវការហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការបណ្តុះបណ្តាល ការបង្រៀន ការរៀន និងការស្នាក់នៅរបស់បុគ្គលិកអប់រំ និងសាស្ត្រាចារ្យចំនួន ១៥០ នាក់ ព្រមទាំងមានសិស្សប្រមាណ ១ ២០០នាក់ ក្នុងមួយឆ្នាំ។
ថ្លែងមតិក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈវៀតណាម លោក Tô Lâm បានសម្តែងនូវក្តីសង្ឃឹមថា បណ្ឌិត្យសភានេះនឹងក្លាយជាមជ្ឈមណ្ឌលសំខាន់សម្រាប់ការស្រាវជ្រាវទ្រឹស្តីនយោបាយ និងការបង្រៀនរបស់ក្រសួង និងប្រទេសឡាវ។
លោកបានអះអាងថា កម្លាំងនគរបាលប្រជាជនវៀតណាមនឹងប្រកៀកស្មារគ្នាជាមួយសមភាគីឡាវក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសទាំងពីរធានាសន្តិសុខនយោបាយ និងសណ្តាប់ធ្នាប់សង្គម។
លោក Lâm បាននិយាយថា នាពេលខាងមុខ ក្រសួងសន្តិសុខសាធារណៈវៀតណាមនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងឡាវ ដើម្បីដំណើរការគ្រឹះស្ថានអប់រំប្រកបដោយប្រសិទ្ធភាព ដោយត្រៀមខ្លួនជាស្រេចក្នុងការសហការក្នុងការអភិវឌ្ឍកម្មវិធីសិក្សា និងសម្ភារៈបង្រៀន ព្រមទាំងបញ្ជូនអ្នកជំនាញមកជួយដល់សាលា៕ ប្រែសម្រួលៈ ណៃ តុលា