ព័ត៌មានជាតិ

អាមេរិក ត្រៀមខ្លួនជាស្រេច ក្នុងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍ អនាគតបៃតង នៅកម្ពុជា

ភ្នំពេញ ៖ លោក Patrick Murphy ឯកអគ្គរដ្ឋអាមេរិក ប្រចាំកម្ពុជា បានឲ្យដឹងថា អាមេរិក ត្រៀមខ្លួនរួចជាស្រេច ក្នុងកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍអនាគតបៃតង (Green future) នៅតំបន់ជុំវិញបឹងទន្លេសាប ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន។

នាឱកាសអញ្ជើញ ជួបពិភាក្សាការងារជាមួយលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង លោក Patrick Murphy បានថ្លែងថា ការគ្រប់គ្រងធនធានធម្មជាតិដោយចីរភាព គឺជាកត្តាសំខាន់ នៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា ។

លោក ឯកអគ្គរដ្ឋទូត បានគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការ ដែលមានកន្លងមកលើកិច្ចការពារសត្វព្រៃ Mekong US និង ព្រៃឡង់បៃតង ហើយលើសពីនេះ សហរដ្ឋអាមេរិក បានត្រៀមខ្លួនរួចជាស្រេចក្នុងកិច្ចសហប្រតិបត្តិការបន្ត លើការអភិវឌ្ឍអនាគតបៃតង(Green future) តំបន់ជុំវិញបឹងទន្លេសាប និងវេទិកានៃកិច្ចប្រជុំកំពូលស្តីពី ការប្រែប្រួលអាកាសធាតុ (Cambodia Climate Summit) ដែលរៀបចំនៅខែវិច្ឆិកាខាងមុខ។

លោក ឯកអគ្គរដ្ឋទូត បន្ដថា អាមេរិក បានផ្តល់ហិរញ្ញប្បទានច្រើនជាងគេដល់មូលនិធិអាកាសធាតុបៃតង ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ក្នុងចំណោមប្រទេស កំពុងអភិវឌ្ឍន៍ដែលមានកម្ពុជាផងដែរ។ បន្ថែមពីនេះ លោក ឯកអគ្គរដ្ឋទូត បានស្នើសុំ លោករដ្ឋមន្រ្តី ស្វែងយល់ពីការងារ អាទិភាពរបស់ក្រសួងបរិស្ថាន។

លោក អ៊ាង សុផល្លែត ឆ្លើយតបនឹងកិច្ចសហប្រតិបត្តិការទ្វេភាគី បានថ្លែងអំណរគុណចំពោះ អាមេរិក បានរួមចំណែកក្នុងការពារធនធានធម្មជាតិ និងកិច្ចសហការទប់ស្កាត់ការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល។ លោក រដ្ឋមន្រ្តី បានជម្រាបពីការងារអាទិភាព ក្រសួងបានដាក់ចេញ ទី១ គឺការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយមានការចូលរួមពីសិស្សានុសិស្ស ដែលជាយុវជនជំនាន់ក្រោយជាង ១.៤លាននាក់ ។ កត្តានេះជាជោគជ័យមួយ ឈានឆ្ពោះទៅការគ្រប់គ្រងសំណល់ដោយប្រសិទ្ធិភាព។ ទី២ គឺការស្តារ និងដាំដើមឈើឡើងវិញ ដើម្បីឈានឆ្ពោះ ទៅទទួលបាននូវអព្យាក្រឹតកាបូន និងការលើកកម្ពស់ជីវភាព ប្រជាសហគមន៍ ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ស្របតាមយុទ្ធសាស្រ្ត បញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយជំរុញការលើកកម្ពស់ ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្ម ដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង។ ទី៣ គឺចូលរួមជាមួយដៃគូអន្តរជាតិដោះស្រាយបញ្ហាសកល ដែលយកចិត្តទុកដាក់ ជាចម្បងទៅលើការ ប្រែប្រួលអាកាសធាតុ ៕

To Top