ព័ត៌មានជាតិ

CP Group មានគោលបំណងពង្រីកវិនិយោគបន្ថែមនៅកម្ពុជា ពិសេសអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប

ភ្នំពេញ ៖ លោក សែ ភីង (Tse Ping) អគ្គនាយរងជាន់ខ្ពស់ក្រុមហ៊ុន Charoen Pokphand Group (CP Group) បានលើកឡើងអំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប។

ការអះអាងរបស់លោកបែបនេះក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅរដ្ឋធានីប៉េកាំង នាព្រឹកថ្ងៃ ១៧ តុលា ។

ក្នុងជំនួប លោក សែ ភីងបានលើកឡើងពីការរីកលូតលាស់របស់ក្រុមហ៊ុន CP Group ដែលមានអាយុកាលជាង១០០ឆ្នាំ ជាមួយនឹងបទពិសោធន៍ដ៏សម្បូរបែបក្នុងវិស័យធុរកិច្ច ហើយសព្វថ្ងៃក៏មានការវិនិយោគនៅកម្ពុជាលើកសិដ្ឋានចិញ្ចឹមសត្វ និងអចលនទ្រព្យ ផងដែរ ។ បន្ថែមលើនេះ លោកអនុប្រធានក្រុមប្រឹក្សាភិបាល CP Group ក៏បានបង្ហាញពីគោលបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យអចលនទ្រព្យ សុខាភិបាល និងផ្កាយរណប ។

ជាការឆ្លើយតប សម្តេចធិបតី គាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុននៅកម្ពុជា ជាពិសេស នៅក្នុងវិស័យកសិកម្ម ក៏ដូចជាវិស័យផ្សេងទៀតដែលក្រុមហ៊ុន CP Group មានចំណាប់អារម្មណ៍ ជាអាទិ៍ វិស័យអចលនទ្រព្យ, សុខាភិបាល និងផ្កាយរណប ដោយបានណែនាំក្រុមហ៊ុនទាក់ទងពិភាក្សាការងារជាមួយក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធ៕

To Top