ភ្នំពេញ ៖ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នឹងចូលរួមប្រតិបត្តិការ ក្នុងកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប (ASEM) លើកទី១៣ ឆ្នាំ២០២០ នាពេលខាងមុខនេះ មានចំនួន ១២.៧២៦នាក់ ដែលប្រព្រឹត្តិទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។
កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ត្រូវបានរាជរដ្ឋាភិបាល ប្រកាសជាផ្លូវការ ធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដោយសម្រេចយកអគារ ពិពណ៌អន្ដរជាតិថ្មី របស់ក្រុមហ៊ុន OCIC នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ធ្វើជាទីកន្លែង រៀបចំកិច្ចប្រជុំ និងកំណត់យកថ្ងៃទី១៦-១៧ វិច្ឆិកា ខាងមុខ ជាកាលបរិច្ឆទនៃកិច្ចប្រជុំ។កិច្ចប្រជុំ អាស៊ី-អឺរ៉ុប គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការ រវាងសមាជិកសហភាពអឺរ៉ុប ទាំង៣០ប្រទេស និងអាស៊ីចំនួន២១ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ។
យោងតាមរបាយការណ៍ បង្ហាញ នៅក្នុងកិច្ចប្រជុំ ផែនការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នេះ ថា «កម្លាំងចូលរួមប្រតិបត្តិការ ក្នុងកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ មានចំនួនសរុប១២.៧២៦នាក់»។
កិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប លើកទី១៣ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា ហើយព្រឹត្តិការណ៍នេះក៏ជាគោលដៅនៃការវាយប្រហារពីភេរវកម្មអន្ដរជាតិ និងពួកឧទ្ទាម ក្នុងគោលបំណងបង្កឧបសគ្គ បំពុលបរិយាសសន្ដិសុខ រារាំង រំខានដល់ដំណើរការកិច្ចប្រជុំ ឬបំផ្លាញដំណើរការកិច្ចប្រជុំទាំងស្រុង។
ជាងនេះទៅទៀត សកម្មភាពមួយចំនួន ដែលអាចបង្កអសន្ដិសុខ ឬបង្កឲ្យមានផលប៉ះពាល់ជាអវិជ្ជមានដល់កិច្ចដំណើរការរៀបចំកិច្ចប្រជុំកំពូល អាស៊ី – អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ នាពេលខាងមុខ រួមមាន ៖ ការយកភូមិសាស្ដ្រចំណុចខ្ពស់ៗនៅគៀក ជុំវិញព្រលានយន្ដហោះ និងតាមដងផ្លូវ ,ធ្វើសកម្មភាពប្រមូលផ្ដុំមនុស្ស ដើម្បីបង្កឲ្យមានផលប៉ះពាល់ដល់បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ ,ការលួចបង្កប់ជាតិផ្ទុះនៅតាមគោលដៅប្រារព្ធពិធី ជាដើម។
សូមរំលឹកថា នៅក្នុងប្រជុំផែនការ ការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ក្នុងឆ្នាំ២០២០ នាពេលនេះ ដោយមានការចូលរួម ៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ នៃបញ្ជាការដ្ឋានអង្គរក្ស ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕
ដោយ ៖អេង ប៊ូឆេង