ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ការទូតចិន នឹងចូល ក្នុងដំណាក់កាលថ្មី ដែលនឹងទទួលបានសមិទ្ធផល កាន់តែច្រើន

ខិតជិតចុងឆ្នាំនេះ កិច្ចប្រជុំដ៏សំខាន់មួយដែលត្រូវគេចាត់ទុកថាជានិន្នាការគោលនយោបាយការទូតរបស់ចិនបានបើកធ្វើនៅក្រុងប៉េកាំង ពោលគឺប្រទេសចិនបានរៀបចំធ្វើកិច្ចប្រជុំការងារកិច្ចការបរទេសមជ្ឈិមម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេល៥ឆ្នាំកន្លះ ។ ក្នុងបរិបទដែលពិភពលោកកំពុងមានភាពចលាចលនិងបម្រែបម្រួលលាយលំគ្នា និងការអភិវឌ្ឍរបស់ចិនប្រឈមមុខនឹងបរិយាកាសខាងក្រៅដ៏តឹងរ៉ឹងនិងស្មុគស្មាញ តើស្រទាប់សម្រេចគោលនយោបាយរបស់ចិននឹងកំណត់គោលនយោបាយការទូតយ៉ាងណា?តើការទូតរបស់ចិននឹងដើរតួនាទីបែបណានៅពេលអនាគត?អ្នកផងទាំងពួងស្វែងរកបានចម្លើយពីក្នុងកិច្ចប្រជុំលើកនេះ ។

ក្នុងរយៈពេល១០ឆ្នាំកន្លងទៅនេះ ជុំវិញបញ្ហាយុគសម័យស្តីពី “ការកសាងពិភពលោកយ៉ាងណាមួយនិងកសាងពិភពលោកនេះយ៉ាងម៉េច” ការទូតចិនបានឆ្លើយសំណួរនេះជាបន្តបន្ទាប់ ។ ខ្លឹមសារស្តីពី“សហគមន៍រួមវាសនានៃមនុស្សជាតិ”ត្រូវបានដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិក្នុងរយៈពេល៧ឆ្នាំជាប់ៗគ្នា និងត្រូវបានដាក់បញ្ចូលក្នុងសេចក្តីសម្រេចចិត្តឬសេចក្តីប្រកាសនៃយន្តការពហុភាគីដូចជា អង្គការសហប្រតិបត្តិការសៀងហៃនិងប្រទេស BRICS ជាដើម ដែលទទួលបានការស្វាគមន៍ពីសំណាក់សហគមន៍អន្តរជាតិ ។ ការជំរុញឱ្យប្រទេសអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ផ្សះផ្សាគ្នា ធ្វើកិច្ចសម្របសម្រួលក្នុងការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែល ឆ្លើយនឹងបញ្ហាប្រឈមខាងបម្រែបម្រួលអាកាសធាតុ ។ល។ ប្រទេសចិនគឺឈរនៅម្ខាងសច្ចយុត្តិធម៌និងឈរនៅម្ខាងនៃភាពត្រឹមត្រូវក្នុងប្រវត្តិសាស្ត្រ ដូច្នេះ ចិនមានក្រុមមិត្តភក្តិកាន់តែធំ ហើយកម្លាំងឥទ្ធិពលអន្តរជាតិក៏ត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃផងដែរ ។

បច្ចុប្បន្ននេះ ការប៉ះទង្គិចភូមិសាស្ត្រកើតឡើងជាបន្តបន្ទាប់ ការងើបឡើងវិញនៃសេដ្ឋកិច្ចសកលមានកម្លាំងទន់ខ្សោយ អាកាសធាតុប្រែប្រួលខ្លាំងបានកើតឡើងជាញឹកញាប់ សហគមន៍អន្តរជាតិពោរពេញទៅដោយអារម្មណ៍ទុទិដ្ឋិនិយម ពោលគឺ តើពិភពលោករបស់យើងនឹងមានភាពល្អប្រសើរឬទេ?ត្រង់ចំណុចនេះ កិច្ចប្រជុំលើកនេះបានធ្វើការវិនិច្ឆ័យបែបនេះ៖ “ទិសដៅអភិវឌ្ឍន៍និងរីកចម្រើនរបស់មនុស្សជាតិនឹងមិនកែប្រែទេ តក្កវិជ្ជាសំខាន់ដែលប្រវត្តិសាស្ត្រពិភពលោកវិវឌ្ឍទៅមុខប្រកបដោយភាពបត់បែននឹងមិនកែប្រែទេ ហើយនិន្នាការដែលសហគមន៍អន្តរជាតិរួមវាសនានឹងមិនកែប្រែទេ ។” សម្លឹងមើលឱ្យច្បាស់ “ការមិនកែប្រែចំនួនបី”បានធ្វើការវិនិច្ឆ័យដោយចំគោលដៅចំពោះស្ថានការណ៍ពិភពលោក ដែលបានបញ្ចេញនូវជំនឿចិត្តដ៏មានតម្លៃចំពោះពិភពលោក ។

ឆ្នាំនេះជាខួបទី១០ដែលភាគីចិនបានលើកឡើងនូវទស្សនៈស្តីពីការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ។ តើទស្សនទានអភិវឌ្ឍពិភពលោកដែលទស្សនៈនេះស្វែងរកគឺមានលក្ខណៈយ៉ាងម៉េច?ផ្លូវនិងវេទិកាសម្រាប់សម្រេចបានគោលដៅរបស់ខ្លួនគឺអ្វី?កិច្ចប្រជុំលើកនេះបានធ្វើការបកស្រាយដោយគ្រប់ជ្រុងជ្រោយនិងច្បាស់លាស់ ហើយបានលើកឡើងយ៉ាងជាក់ច្បាស់ថា ការងារកិច្ចការបរទេសរបស់ចិននៅពេលអនាគតនឹងបន្តធ្វើឡើង ជុំវិញការជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ។

កិច្ចប្រជុំបានលើកឡើងនូវ “គំនិតផ្តួចផ្តើមចំនួនពីរ” គឺផ្តួចផ្តើមឱ្យធ្វើពហុប៉ូលភាវូបនីយកម្មពិភពលោកប្រកបដោយសមភាពនិងសណ្តាប់ធ្នាប់និងផ្តួចផ្តើមឱ្យធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍ជាទូទៅនិងប្រកបដោយបរិយាប័ន្ន ។ នេះមានលក្ខណៈសំដៅចំពោះការពិតជាក់ស្តែងយ៉ាងខ្លាំង បានបង្ហាញពីយុត្តិធម៌និងសមភាព និងតំណាងឱ្យសំណូមពរជាទូទៅនិងសំឡេងរួមរបស់សហគមន៍អន្តរជាតិ ដែលបានផ្តល់ផែនការចិនសម្រាប់ទប់ទល់នឹងបញ្ហាប្រឈមនិងការសាកល្បងដ៏សំខាន់ដែលពិភពលោកត្រូវបានប្រឈមមុខនាពេលបច្ចុប្បន្ន ។

អ្នកផងទាំងពួងអាចទទួលអារម្មណ៍ពីវិចារណញាណ ការមានជំនឿចិត្តលើខ្លួនឯងនិងការមានទំនួលខុសត្រូវខ្ពស់ នៃការទូតរបស់ចិនតាមរយៈកិច្ចប្រជុំការងារកិច្ចការបរទេសមជ្ឈិមចិនលើកនេះ ។ “ក្នុងដំណើរថ្មី ការទូតរបស់ចិន នឹងចូលក្នុងដំណាក់កាលថ្មីដែលនឹងទទួលបានសមិទ្ធផលកាន់តែច្រើន ។” នេះគឺមានន័យថា ចិននឹងរួមចំណែកកម្លាំងកាន់តែធំក្នុងការធ្វើឱ្យមានសុក្រឹត្យភាពនូវ អភិបាលកិច្ចសកលក៏ដូចជាគាំពារសន្តិភាពនិងការអភិវឌ្ឍនៃពិភពលោក ៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top