ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល បើក​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល នៅ​ក្បែរ​ព្រលាន​យន្តហោះ​ក្រុង​អាឡេប៉ូ ក្នុង​ប្រទេស​ស៊ីរី

រូបភាពពី៖​ XINHUA

យេរ៉ូសាឡឹម៖ កងទ័ពស៊ីរីបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ៊ីស្រាអែល បានបើកការវាយប្រហារដោយមីស៊ីល នៅជិតអាកាសយានដ្ឋានអន្តរជាតិ នៃទីក្រុងអាឡេប៉ូ ភាគខាងជើងប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើង ដើម្បីកំណត់គោលដៅយោធានៅភាគខាងត្បូងទីក្រុងអាឡេប៉ូ ដែលបណ្តាលឱ្យមានការខាតបង់សម្ភារៈមួយចំនួន។

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា កាំជ្រួចមួយគ្រាប់បានធ្លាក់នៅតំបន់អាកាសយានដ្ឋានអន្តរជាតិអាឡិបប៉ូ ដោយមិនបង្កការខូចខាតដល់អាកាសយានដ្ឋាននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

អ្នកឃ្លាំមើលសង្គ្រាមដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបន្ថែមថា មានការផ្ទុះយ៉ាងខ្លាំងចំនួន៦ នៅជិតអាកាសយានដ្ឋានយោធា al-Nayrab ភាគខាងកើតទីក្រុងអាឡេប៉ូ។

យោងតាមក្រុមសង្កេតការណ៍បានឱ្យដឹងថា កសិដ្ឋានរវាងភូមិ Al-Dhabiya និង Al-Sheikh Saeed នៅក្នុងតំបន់នេះត្រូវបានគេកំណត់គោលដៅ ដែលជាកន្លែងដែលត្រូវបានគេជឿថាជាឃ្លាំង និងទីស្នាក់ការកណ្តាលសម្រាប់កងជីវពលអ៊ីរ៉ង់៕ ប្រែសម្រួល ឈូក បូរ៉ា

To Top