កណ្ដាល ៖ ឆ្លើយតបនឹងការមតិ លើកឡើងថា កម្ពុជា ឃើញតែពង្រឹង វិស័យសុខាភិបាល តែប្រជាពលរដ្ឋនៅតែចេញ ទៅព្យាបាលជំងឺ នៅក្រៅប្រទេសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា មិនមានអ្វីចំលែកទេ ខណៈប្រជាពលរដ្ឋនៅប្រទេសកាណាដាក៏បានទៅរកសេវាព្យាបាលសុខភាពនៅអាមេរិក ហើយក៏មានពលរដ្ឋបរទេសមកព្យាបាលនៅខ្មែរដែរ ប៉ុន្តែសម្តេចសង្កត់ធ្ងន់ថា អ្វីដែលសំខាន់នោះ គឺមានពលរដ្ឋខ្មែរទៅព្យាបាលនៅក្រៅប្រទេសមានចំនួនតិចតួច ក្នុងពេលពលរដ្ឋព្យាបាលជំងឺក្នុងស្រុក មានចំនួនរាប់លាននាក់។
នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យតេជោសែន កោះធំ» ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ សម្ដេចធិបតីថ្លែងថា ភាគរយប្រជាជនខ្មែរទៅព្យាបាលនៅក្រៅប្រទេស គឺមានចំនួនតិចតួចនោះទេ ប៉ុន្ដែការព្យាបាលក្នុងប្រទេសខ្លួនមានចំនួនច្រើន។
សម្ដេចធិបតីមានប្រសាសន៍ថា «អ្នកខ្លះចេះតែសួរថា កម្ពុជា ឃើញតែធ្វើ និងពង្រឹងវិស័យ សុខាភិបាល ហើយអីប្រជាជនខ្មែរ ទៅព្យាបាលនៅក្រៅច្រើនម៉េស? (ក្រៅប្រទេស) ។ ខ្ញុំថា ទៅព្យាបាលនៅក្រៅ គិតជាភាគរយនៃប្រជាជនព្យាបាលរាប់លាននាក់ក្នុងស្រុក តិចទេ ពេទ្យនៅក្នុងស្រុកយើង ព្យាបាលមនុស្សរាប់លាននាក់ ក្នុងមួយឆ្នាំ»។
សម្ដេចនាយករដ្ឋមន្ដ្រីបន្ដថា រឿងអ្នកមានលទ្ធភាពចេញទៅរកសេវាព្យាបាលនៅក្រៅប្រទេស មិនមានអ្វីចំឡែកឡើយ ព្រោះប្រជាពលរដ្ឋកាណាដា ក៏ទៅព្យាបាល នៅអាមេរិកដែរ សម្ដេច ថា អ្វីដែលសំខាន់នោះ ត្រូវពង្រឹងវិស័យសុខាភិបាល នៅមូលដ្ឋាន។ សម្ដេចបន្ថែមថា នាពេលកន្លងទៅ មានពលរដ្ឋបរទេសមួយចំនួន ក៏មកព្យាបាលនៅកម្ពុជាផងដែរ។
ទន្ទឹមនឹងនេះ នាយករដ្ឋមន្ដ្រី បានកោតសរសើរចំពោះក្រុមគ្រូពេទ្យ របស់កម្ពុជាក៏មានជំនាញល្អ អ្វីដែលខ្សោយជាងគេនោះ គឺឧបករណ៍តែប៉ុណ្ណោះ៕