ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង ខេត្តកំពង់ធំ

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ ២០២៤ នេះ នាសាលប្រជុំ នៃរដ្ឋបាលស្រុកស្ទោង លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសចាត់ តាំងសមាសភាព ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោង ចំនួន ៤៨២រូប និងលេខាធិការដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្ទោងចំនួន ១២រូប។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយ ដែលបានដាក់ចេញ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ជាពិសេស ការបង្កើតក្រុមការងារចុះមូលដ្ឋាន ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងចូលរួមលើកកម្ពស់ សេដ្ឋកិច្ចជាតិផងដែរ ។

លោករដ្ឋមន្ត្រីប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកស្ទោងមានប្រសាសន៍លើកឡើងថា ការរៀបចំឱ្យមានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន គឺដើម្បីគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាល ឱ្យបានសកម្មផុលផុស ដើម្បីបម្រើសេចក្តីត្រូវការ របស់បងប្អូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា និងចូលរួមបំផុសចលនា ឱ្យមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានត្រូវសហការគ្នា ធ្វើការជាមួយគ្នាឱ្យបានល្អ មានឆន្ទៈ មានការទទួលខុសត្រូវ និងមានភាពម្ចាស់ការ ដោយត្រូវចុះដល់មូលដ្ឋាន ស្តាប់ពីតម្រូវការ បញ្ហាប្រឈមពិតប្រាកដរបស់ប្រជាពលរដ្ឋ ដើម្បីរួមគ្នាគិត រួមគ្នាដោះស្រាយជូនប្រជាពលរដ្ឋ ឱ្យមានប្រសិទ្ធភាពបំផុត ទាន់ពេលវេលា ប្រកបដោយគណនេយ្យភាព និងតម្លាភាព ស្របតាមគោលនយោបាយ អាទិភាពរបស់រាជរដ្ឋាភិបាល ដើម្បីរួមគ្នាបន្តជំរុញការអភិវឌ្ឍប្រទេសជាតិសំដៅឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ។

បើតាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ភារកិច្ចរបស់ក្រុមការងារចុះមូលដ្ឋានគឺចុះជួយ មិនមែនធ្វើជំនួស និងសម្រេចជំនួសអង្គភាពជំនាញនោះទេ។ ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីក៏បានរម្លឹកអំពីតួនាទីភារកិច្ច របស់ក្រុមការងារចុះមូលដ្ឋានគ្រប់កម្រិត របៀបរបបការងារ ព្រមទាំងយន្តការការងារ ដើម្បីឱ្យការអនុវត្តការងារទទួលបានប្រសិទ្ធភាព ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានសម្រេចចាត់តាំងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ជាអនុប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ តាមសេចក្តីសម្រេចលេខ ៣៤សសរ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានសមាសភាព ក្រុមការងារចុះមូលដ្ឋាន ខេត្តកំពង់ធំសរុប ២២៤រូប និងបានចាត់តាំងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង ដោយមានសមាសភាព ក្រុមការងារចុះមូលដ្ឋានស្រុកចំនួន ១០៣រូប ព្រមទាំងមានសមាជិកក្រុមការងារ ចុះមូលដ្ឋានឃុំទាំង១៣ នៃស្រុកស្ទោងសរុបចំនួន ៤៩៤រូប ៕

To Top