ដាម៉ាស៖ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំប្រទេសស៊ីរី លោក Hossein Akbari បានសន្យាថា អ៊ីរ៉ង់នឹងឆ្លើយតបចំពោះការ វាយប្រហាររបស់អ៊ីស្រាអែល លើស្ថានទូតអ៊ីរ៉ង់របស់ខ្លួន នៅក្នុងរដ្ឋធានីដាម៉ាស់ ប្រទេសស៊ីរី នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះ ជាមួយនឹងកម្លាំងស្មើគ្នា។
បន្ទាប់ពីការវាយប្រហារ ដោយមីស៊ីលរបស់អ៊ីស្រាអែល ទៅលើអគារកុងស៊ុលនៃស្ថានទូតអ៊ីរ៉ង់ លោក Akbari បានប្រាប់អ្នកសារព័ត៌មានថា សហការីរបស់លោកចំនួន ៥នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារនេះ ខណៈដែលឆ្មាំស្ថានទូតអ៊ីរ៉ង់ ពីរនាក់បានរងរបួស។
លោកបានលើកឡើងថា អ៊ីស្រាអែលបានបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់។ តើនៅពេលណាដែលអង្គការអន្តរជាតិ ដែលមានបំណងអនុវត្តច្បាប់ទាំងនេះ នឹងចាត់វិធានការ?” ។
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់បានចេញការព្រមានថា អ៊ីរ៉ង់នឹងមិនបណ្តោយឱ្យសកម្មភាព របស់អ៊ីស្រាអែលប្រព្រឹត្តទៅ ដោយគ្មានចម្លើយឡើយ ហើយនឹងសងសឹកដោយកម្លាំងស្មើគ្នា។
លោក Akbari បានបន្ដថា “អ៊ីស្រាអែល នឹងប្រឈមមុខនឹងផលវិបាក សម្រាប់សកម្មភាពរបស់ពួកគេ ហើយយើងនឹងឆ្លើយតប ដោយភាពខ្លាំងដូចគ្នា” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
រដ្ឋមន្ត្រីការបរទេសស៊ីរី លោក Faisal Mekdad ដែលបានទៅដល់កន្លែងកើតហេតុ បន្ទាប់ពីការវាយប្រហារដោយមីស៊ីលនោះ បានថ្កោលទោសឧបទ្ទវហេតុនេះថា មិនសមហេតុផល ៕
ប្រែសម្រួល ឈូក បូរ៉ា