ម៉ូស្គូ៖ តុលាការទីក្រុងមូស្គូ បានបង្កកគណនីធនាគារ និងទ្រព្យសម្បត្តិផ្សេងទៀត របស់អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Timur Ivanov និងក្រុមគ្រួសាររបស់លោក នៅក្នុងការស៊ើបអង្កេតពីបទសំណូក។
យោងតាមទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ី ការសម្រេចចិត្តរបស់តុលាការអនុវត្ត ចំពោះទ្រព្យសម្បត្តិ ដែលបានចុះបញ្ជីទាំងអស់ ដែលជាកម្មសិទ្ធិរបស់លោក Ivanov ភរិយា ក៏ដូចជាអតីតភរិយា និងកូនប្រាំនាក់រួមទាំងកូនចិញ្ចឹមផងដែរ។ វិធានការនេះប្រើជាការប្រុងប្រយ័ត្នក្នុងករណី ដែលមន្ត្រីជាន់ខ្ពស់ត្រូវបានរកឃើញថា មានទោសជាបន្តបន្ទាប់។
ចំណាត់ការផ្លូវច្បាប់នេះ ធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ថ្មីៗអំពីការចាប់ខ្លួនលោក Ivanov ពីបទសង្ស័យថា ទទួលសំណូកជាពិសេស។ លោក Ivanov បានចូលកាន់តំណែង របស់លោក នៅខែឧសភា ឆ្នាំ២០១៦ ដោយទទួលបន្ទុករៀបចំការ គ្រប់គ្រងទ្រព្យសម្បត្តិ ការផ្តល់កញ្ចប់កងទ័ព លំនៅដ្ឋាន និងជំនួយផ្នែកវេជ្ជសាស្រ្ត សម្រាប់កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាត្រួតពិនិត្យ លទ្ធកម្មក្រោមបញ្ជាការពាររដ្ឋ៕
ប្រែសម្រួល ឈូក បូរ៉ា