ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតី តេជោហ៊ុន សែន រដូវកាលទី១៧ បានបញ្ចប់ទៅយ៉ាងតឹងតែង ដោយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង យកឈ្នះក្លិបភ្នំពេញក្រោន ១ទល់ ០ និងបានក្លាយជាក្រុមជើងឯក នៅវគ្គផ្ដាច់ព្រ័ត្រ ជាមួយនិងការអូសបន្លាយពេលវេលា រហូតដល់ទៅ១២០នាទី កាលពីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤នេះ នៅពហុកីឡដ្ឋានអូឡាំពិក ។
ការប្រកួតក្នុងម៉ោងធម្មតា រយៈពេល៩០នាទី លទ្ធផលស្មើគ្នា០ទល់០ ។ បន្ទាប់ពីការកាត់ក្ដី ដោយបន្ថែមម៉ោង ១៥នាទី២ដងនោះ ក្រុមព្រះខ័នរាជស្វាយរៀង បានទទួលជ័យជំនះ លើក្រុមភ្នំពេញក្រោន ១ទល់០ ដែលនេះជាគ្រាប់បាល់ នៃជ័យជំនះតែម្ដង។
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន រដូវកាលទី១៧ នេះមានវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងនាយឧត្ដមសេនីយ៌សៅ សុខា មេបញ្ជារកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយនិងមហាជន ជាង៣ម៉ឺននាក់ ចូលរួមទស្សនា។
ព្រឹត្តិការណ៍ប្រកួតនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានទទួលពាន អមនិងទឹកប្រាក់រង្វាន់ ១៥០លានរៀល ក្លិបភ្នំពេញក្រោន ទទួលបាន ប្រាក់រង្វាន់១០០ លានរៀល និង ក្រុមបាល់ទាត់ វិសាខា ទទួលបានទឹកប្រាក់ ចំនួន៧០លានរៀល ៕