បរទេស៖យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានជួបជាមួយមន្ត្រីយោធាកំពូល ដើម្បីពិភាក្សាអំពីស្ថានភាពសមរភូមិក្នុងជម្លោះអ៊ុយក្រែន ដោយសង្កត់ធ្ងន់ជាពិសេសលើការផលិតអាវុធនិងការត្រួតពិនិត្យគុណភាពផងដែរ។
ក្រសួងការពារជាតិបាននិយាយកាលពីថ្ងៃពុធថា Shoigu បានស្តាប់រួចរាល់នូវរបាយការណ៍យោធានៅទីស្នាក់ការកណ្តាលនៃ United Group of Forces នៅក្នុងទីតាំងដែលមិនត្រូវបាន បង្ហាញហើយ កិច្ចប្រជុំនេះត្រូវបានគេរាយការណ៍ថាបានផ្តោតជាសំខាន់មួយផ្នែកលើយុទ្ធសាស្ត្ររបស់អ៊ុយក្រែន។
ក្នុងនោះផងដែរលោកShoigu ក៏បានត្រួតពិនិត្យអាវុធប្រឆាំងយន្តហោះគ្មានមនុស្សបើកទំនើបផងដែរ ដោយវីដេអូដែលចេញផ្សាយដោយក្រសួងបង្ហាញគាត់ឈរនៅជិតកាំភ្លើងយន្តធុនធ្ងន់ពីរដើម ដែលបំពាក់ដោយកាមេរ៉ា collimator ។
យោងតាមបញ្ជាក់ដោយក្រសួងការពារជាតិ លោក Shoigu បាននិយាយថា កងកម្លាំងរុស្ស៊ីបានបន្តអនុវត្តភារកិច្ចក្នុងទិសដៅប្រតិបត្តិការស្រប តាមផែនការសម្រាប់ប្រតិបត្តិការយោធាពិសេសហើយលោក ក៏បានបញ្ជាក់ពីតម្រូវការ ក្នុងការបង្កើនការផ្តល់ឧបករណ៍ បន្ថែមទៀតដែរសម្រាប់កងកម្លាំងយោធារុស្សី៕
ប្រែសម្រួល៖ស៊ុនលី