ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា នៅពេលដែលមានភាពស្អាតចេញពីចិត្ត បរិស្ថានជុំវិញនឹងស្អាត ជាពិសេសជំរុញឲ្យសង្គមជាតិទាំងមូលស្អាតផងដែរ។
ក្នុងពិធីសម្ពោធឆ្លង និងកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់នូវសមិទ្ធិផលនានា នៅវត្តវេឡុវនារាម ហៅវត្តកំពង់ឬស្សី ក្នុងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាថ្ងៃទី២ ឧសភា លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា «នៅពេលដែលយើងមានភាពស្អាតចេញពីចិត្ត ហើយបរិស្ថានជុំវិញយើង រួមមានបរិស្ថានរស់នៅលើដី លើមេឃ និងក្នុងទឹក នឹងស្អាត។ ជាលទ្ធផលយើងនឹងទទួលបានសង្គមជាតិទាំងមូលស្អាតជាក់ជាមិនខាន»។
លោកថា នៅក្នុងភាពស្អាតនេះ ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលជាទង្វើដ៏ល្អចំពោះភពផែនដី បាននិងកំពុងទទួលការគាំទ្រយ៉ាងផុលផុសពីសំណាក់ប្រជាពលរដ្ឋនៅតាមរោងចក្រ សាលារៀន វត្តអារាម ដៃគូអភិវឌ្ឍន៍ ស្ថាប័នជាតិ និងឯកជនមួយចំនួន ជាពិសេស សិស្សានុសិស្សដែលបានប្ដេជ្ញារួមគ្នាជាធ្លុងមួយ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជាក់ស្តែងចាប់តាំងពីថ្ងៃចាប់ផ្តើមយុទ្ធនាការ រហូតដល់ថ្ងៃនេះ មានការចូលរួមយ៉ាងផុលផុសពីសំណាក់ប្រជាពលរដ្ឋ នៅតាមរោងចក្រ សិស្សា នុសិស្ស នៅតាមសាលារៀន និងព្រះសង្ឃនៅតាមវត្តអារាម ទូទាំងប្រទេស សរុបចំនួន៨លាននាក់។
លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា «ការចូលរួមដ៏កុះករនេះ សបញ្ជាក់យ៉ាងច្បាស់ឲ្យឃើញពីសេចក្ដីស្រលាញ់លើភាពស្អាត អំពើល្អ ដែលកើតចេញពីបេះដូងខ្មែរពិតៗ»។
លោកបណ្ឌិតជឿជាក់យ៉ាងមុតមាំថា ខ្មែរអាចធ្វើបាន និងអាចរួមគ្នាកសាងសង្គមដែលស្អាតបាន ដើម្បីកសាងភាពស្អាតមួយទុកឲ្យកូនចៅជំនាន់ក្រោយ បន្តរាប់ជំនាន់ទៅមុខទៀត ៕