ព័ត៌មានជាតិ

ត្រឹមពេល៤ខែ ដើមឆ្នាំ២០២៤ ចំណូលពីការលក់សំបុត្រ ចូលទស្សនាតំបន់អង្គរ បានជាង ១៩លានដុល្លារ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ (គ.ស.អ) បានប្រកាសថា ចំណូលពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានជាង១៩លានដុល្លារ ត្រឹមរយៈពេល៤ខែដើមឆ្នាំ២០២៤ ដែលចំនួននេះ មានការកើនឡើងជាង៤១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣ ។

របាយការណ៍បន្តថា ក្នុងរយៈពេល៤ខែនេះ ចំនួនភ្ញៀវទេសចរបរទេសសរុប ៤២១ ៣៧៩នាក់ មានការកើនឡើង៤០,៩៣% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ដែលនាំឲ្យទទួលបានចំណូលសរុប ១៩ ៩១៧ ៥៣៣ដុល្លារ ។

ដោយឡែកសម្រាប់ខែមេសា ឆ្នាំ២០២៤ វិញចំនួនភ្ញៀវទេសចរបរទេស មានចំនួន ៧៣ ៨៤៥នាក់ កើនឡើង ១៧,៨៦% ប្រៀបធៀបខែមេសា ឆ្នាំ២០២៣ ដែលចំនួននេះ បានជាចំណូល ៣ ៣៨៤ ២៤០ដុល្លារ ពោលកើនឡើង១៦,៨៧% ប្រៀបធៀបដូចគ្នាទៅនឹងខែមេសា ឆ្នាំ២០២៣ ។

ក្នុងចំណូលនៃការលក់សំបុត្រខាងលើ ក៏ត្រូវបានបែងចែកទៅកាន់មូលនិធិគន្ធបុប្ផាកម្ពុជា រយៈពេល៤ខែ ក្នុងឆ្នាំ២០២៤ មានចំនួន ៨៤២ ៧៥៨ដុល្លារផងដែរ៕

To Top