ព័ត៌មានជាតិ

នគរបាលឃាត់ខ្លួនមនុស្សជាង ៤០០នាក់ ពាក់ព័ន្ធនឹងបទល្មើសនានា ក្នុងសប្តាហ៍កន្លងទៅ

ភ្នំពេញ៖ ប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន បទល្មើសព្រហ្មទណ្ឌ ក្មេងទំនើង និងល្បែងស៊ីសងត្រូវបានកម្លាំងនគរបាលជាតិ ទូទាំងប្រទេសអនុវត្តយ៉ាងសកម្ម។ ជាក់ស្ដែងក្នុងសប្ដាហ៍កន្លងទៅ ចាប់ពីថ្ងៃទី២៩មេសា ដល់ថ្ងៃទី៥ ឧសភា សមត្ថកិច្ចក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ បានឃាត់ខ្លួនជនសង្ស័យប្រព្រឹត្តបទល្មើស ទូទាំងប្រទេសសរុបចំនួន៤៦៧នាក់។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងចំណោមជនសង្ស័យសរុប ដែលសមត្ថកិច្ចនគរបាលជាតិ ចាប់ពីអគ្គស្នងការដ្ឋានរហូតដល់ប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ឃាត់ខ្លួនបាននោះ មាន២៥៩នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ១០៧ករណី ៩៣នាក់ ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទូទៅ ៥៧ករណី ៨៥នាក់ពាក់ព័ន្ធករណីក្មេងទំនើង និង៣០នាក់ ពាក់ព័ន្ធបទល្មើសល្បែងស៊ីសងខុសច្បាប់។

ការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន គឺជាកិច្ចការអាទិភាពមួយ ក្នុងចំណោមកញ្ចប់ការងារអាទិភាពទាំង៦ ដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រកាសបង្កើនការយកចិត្តទុកដាក់ អនុវត្តចាប់ពីដើមនីតិកាលទី៧ នៃរដ្ឋសភា ខណៈរាជរដ្ឋាភិបាលក៏បាននិងកំពុង អនុវត្តយ៉ាងសកម្មដូចគ្នាដែរនូវយុទ្ធនាការ ប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់តាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយជាលទ្ធផលគិតត្រឹមថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ មានមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ បានធ្វើតេស្តរកសារធាតុញៀនតាមទឹកមូត្រចំនួន ៥៦ ៤៤៥ នាក់ ក្នុងនោះវិជ្ជមានចំនួន៧៦នាក់ និងត្រូវបានបណ្តេញចេញពីក្របខណ្ឌ ៕

To Top